ស្រាវជ្រាវរកទីតាំងលួចដាំកញ្ឆាខុសច្បាប់ និងដុតបំផ្លាញចោលនៅនឹងកន្លែងបានចំនួន១៣ទីតាំង
ខេត្តតាកែវ ៖ ក្រោមការយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ បង្ក្រាបការលួចដាំដំណាំកញ្ឆាដោយខុសច្បាប់ក្នុងមូលដ្ឋានខេត្ត ជាពិសេសស្រុកគិរីវង់ ពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ០៨រោច ខែមាឃឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង០៧នឹង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចេញប្រតិបត្តិការស្រាវជ្រាវរកទីតាំងលួចដាំកញ្ឆាខុសច្បាប់ និងដុតបំផ្លាញចោលនៅនឹងកន្លែងបានចំនួន១៣ទីតាំង អាងស្តុបទឹកចំនួន០៧ ដែលជនល្មើសលួចដាំនៅតាមចង្កេះភ្នំ និងដីរាបតាមកន្លៀតថ្ម ស្ថិតនៅចំណុចភ្នំគុហ៊ាចិននិងដាដំរីលេង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ លើផ្ទៃដីប្រមាណ១.០១៣ម៉ែត្រការ៉េ ។បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកជនល្មើសដែលលួចដាំដំណាំកញ្ឆាទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕


