រថយន្តកូរ៉េដឹកសាំង១គ្រឿងរងការឆេះបំផ្លាញទាំងស្រុង និងណ្តាលឱ្យដាច់ខ្សែបណ្តាញអគ្គិសនីមួយចំនួន នៅក្រុងស្ទឹងត្រែង
ស្ទឹងត្រែង ៖ រថយន្តមួយគ្រឿងប្រភេទកូរ៉េចំណុះ៣តោនកន្លះ រងការឆេះបំផ្លាញទាំងស្រុង រួមទាំងសាំងនៅលើរថយន្តផង ដោយសារឆ្លងផ្ទុះសេក្បាលអាគុយ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង០៨និង២០នាទី ក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ឈ្មោះ ស្រូយ រស្មី ស្ថិតនៅភូមិត្រពាំងព្រីង ។ រថយន្តនេះសម្រាប់ដឹងប្រេងចែកចាយ ខណៈពេលកម្មករបានលើកប្រេងដាក់លើរថយន្តចំនួន២០កាន ។
ក្នុងហេតុការណ៍នេះឃើញមានរថយន្តអគ្គិភ័យ២គ្រឿងមកជួយបាញ់ទឹកពន្លត់ ដោយប្រើទឹកអស់៦រថយន្ត ទើបរលត់ទាំងស្រុងនៅវេលាម៉ោង៨និង៤៥នាទី ថ្ងៃដដែល មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
ចំំណែកអគ្គិសនីខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨:២០នាទីព្រឹក មានករណីអគ្គិភ័យឆេះឡានដឹកប្រេង ក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈស្រូយរស្មី បានបណ្តាលឱ្យដាច់ខ្សែបណ្តាញអគ្គិសនីមួយចំនួន ។ អគ្គិសនីស្ទឹងត្រែង សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅ Feeder 1 P006 ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីឱ្យក្រុមការងារបច្ចេកទេស ធ្វើការជួសជុលខ្សែបណ្តាញឡើងវិញ ។
ករណីដាច់ចរន្តអគ្គិសនីដោយសារអគ្គិភ័យនៅ Feeder1 P006 ដែលស្ថិតភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបណ្តាលឱ្យខូចខាតខ្សែ LV 3 x 150mm2 +70mm2 និង ខូចគុណភាពបង្គោល LV មួយដើម ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និង ប្តូរបង្គោលរួចរាល់ និង ភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឱ្យមានចរន្តប្រើប្រាស់ឡើងវិញទាំងស្រុង នៅវេលាម៉ោង១៣:៣០នាទីរសៀលនេះ ៕