ភ្ញៀវទេសចរទាំងអស់ និងក្រុមការងារ ជិះលើនាវាវេស្ទើដាំ ត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួន
ភ្នំពេញ៖ ក្រុមហ៊ុន Westerdam កាលពីថ្ងៃទី២៦ខែកុម្ភៈ បានចេញប្រកាសព័ត៌មានលើបណ្តាញសង្គមថា ភ្ញៀវទេសចរទាំងអស់ និងក្រុមការងារនាពេលនេះបានត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួនអស់ហើយ, គ្មានមនុស្សណាម្នាក់ឆ្លងវីរុស COVID-19 នោះឡើយ ។
ក្រុមហ៊ុន WWesterdam បានឲ្យដឹងថា យើងខ្ញុំសូមជម្រាបនូវដំណឹងដ៏ល្អថា ភ្ញៀវទេសចរទាំងអស់របស់កប៉ាល់ Westerdam និងក្រុមការងារដែលយើងបានបញ្ជូនទៅកាន់កម្ពុជា នាពេលនេះបានត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួនអស់ហើយ។
ជាថ្មីម្តងទៀត ពួកយើងពិតជាអរគុណដោយស្មោះចំពោះភ្ញៀវទាំងអស់សម្រាប់ ការអត់ធ្មត់ និងយោគយល់របស់ពួកគេ នៅអំឡុងស្ថានការណ៍ដ៏ស្មុគស្មាញ នាពេលកន្លងទៅ។ ជាមួយគ្នានេះ ពួកយើងក៏សូមអរគុណជាពិសេស ដល់ក្រុមបុគ្គលិករបស់កប៉ាល់ ដែលបានផ្តល់សេវាកម្ម និងការថែទាំយ៉ាងល្អឥតខ្ចោះ។ មិនតែប៉ុណ្ណោះ ពួកយើងពិតជាពេញចិត្តណាស់ ចំពោះអ្នកទាំងឡាយដែលបានផ្ញើសារគាំទ្រ និងលើកទឹកចិត្តដល់ពួកយើង អំឡុងពេលវេលាដ៏មិនធម្មតានេះ។
សូមអរគុណដោយស្មោះចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែង ជួយសម្របសម្រួលឲ្យភ្ញៀវរបស់យើង អាចវិលត្រឡប់ទៅដល់ផ្ទះពួកគេវិញទាំងអស់។
បន្ថែមពីនេះ យើងសូមអរគុណចំពោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា រួមជាមួយស្ថានទូតនៃប្រទេសមួយចំនួនទៀត ដែលបានផ្តល់ការជួយជ្រោមជ្រែងយ៉ាងសំខាន់ ហើយពួកយើងក៏មិនភ្លេចការ ខិតខំរបស់ប្រទេសហូឡង់ផងដែរ។ ជាចុងក្រោយ យើងសូមអរគុណចំពោះមន្ត្រីជំនាញមកពី អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក US-CDC សម្រាប់ការណែនាំប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ៕