ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញជួបសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មកម្ពុជា

20

ភ្នំពេញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។

ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺជាការបង្ហាញនូវឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាកម្លាំងចលករជំរុញសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើន។ ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» គឺជាការឆ្លើយតបយ៉ាងសមស្របទៅនឹងបរិបទជាក់ស្ដែង នាពេលបច្ចុប្បន្ន ដោយផ្តោតលើការភ្ជាប់សហគ្រាសកម្ពុជា ទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។

នេះជាលើកទី៥ហើយ ដែលសមាគមមូលនិធិសម្តេចតេជោ បានរៀបចំពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា។ ព្រឹត្តិការណ៍នេះជាការលើកទឹកចិត្តដ៏សំខាន់ និងជាការផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេស បានចូលរួមបង្ហាញ ព្រមទាំងទទួលបានដំបូន្មានល្អៗ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជាចំណេះដឹងបន្ថែមដល់សហគ្រាសទាំងអស់ ក្នុងការរួមចំណែកបង្កើតការងារជំរុញការកែច្នៃ ពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាស្ថាប័នបង្គោល ដឹកនាំសម្របសម្រួល។

សមាគមមូលនិធិសម្តេចតេជោ បានរៀបចំពិធីសំណេះសំណាលនេះឡើង ដើម្បីផ្ដល់តម្លៃ និងលើកទឹកចិត្តដល់សហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេស ក្នុងបរិការណ៍ដែលផលិតផលក្នុងស្រុកកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចលករដ៏សំខាន់ជួយឲ្យផលិតផលខ្មែរ អាចជំនួសទំនិញនាំចូលបានប្រមាណ៣០ភាគរយ នៃតម្រូវការទីផ្សារសរុប ព្រមទាំងចូលរួមបង្កើតការងារជូនដល់ពលករ ដែលវិលត្រឡប់មកពីក្រៅប្រទេសបានយ៉ាងច្រើនកុះករ ធ្វើឲ្យសេដ្ឋកិច្ចជាតិយើងកាន់តែមានភាពធន់ និងរឹងមាំយូរអង្វែង។

ដើម្បីជំរុញចលនានេះឲ្យកាន់តែខ្លាំងក្លា សមាគមបានដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទរួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ចំនួន៣ដងរួចមកហើយ ព្រមទាំងនៅតែបន្តធ្វើពិព័រណ៍ផលិតផលខ្មែរតទៅទៀត ដើម្បីបង្កើតឱកាសផ្គូផ្គងអាជីវកម្ម និងពង្រីកទីផ្សារជូនសមាជិក។

ទន្ទឹមនឹងនេះ សមាគមក៏បានពង្រឹងកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នជាច្រើន ដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាស្ថាប័នបង្គោល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងការសម្របសម្រួល បង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ និងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងជំនាញដល់ម្ចាស់សហគ្រាសទូទាំងរាជធានីខេត្ត។

ក្នុងពេលថ្មីៗកន្លងទៅនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមការគាំទ្ររបស់សមាគមមូលនិធិសម្ដេចតេជោ បានសហការរៀបចំ «វេទិកាពិភាក្សារវាងគយ ជាមួយ FASMEC » ដើម្បីដោះស្រាយបញ្ជ្រាប្រឈម សម្របសម្រួលនីតិវិធីពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិគយនានា ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ដល់ការនាំចេញ-នាំចូល និងលើកកម្ពស់ការប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។

បន្ថែមលើនេះ សម្រាប់ទិសដៅការងារនាពេលខាងមុខដ៏ខ្លីនេះ សមាគមបាននិងកំពុងរៀបចំផែនការ ដើម្បីសហការជាមួយ ក្រសួងបរិស្ថាន ក្នុងការរៀបចំវេទិកាពិភាក្សា ដើម្បីតម្រង់ទិស និងជួយដល់សហគ្រាសធុនតូច និងមធ្យម ឲ្យយល់ដឹងពីការផលិតដោយចីរភាព ការគ្រប់គ្រងសំណល់ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលជាតម្រូវការចាំបាច់ សម្រាប់ទីផ្សារទំនើបនាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង