ភូមិ១ ដាក់ឈ្មោះតំណាងប្រតិភូបារាំង សម័យអាណានិគមនិយមបារាំងសេស
ខេត្តមណ្ឌលគិរី៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា មន្រ្តីក្រសួងបរិស្ថាន កំពុងសិក្សាលើប្រវត្តិភូមិ១ ដាក់ឈ្មោះតំណាងប្រតិភូបារាំង ដល់សព្វថ្ងៃ។ ភូមិហ្គាទី ជាភួមិមួយក្នុងទឹកដីនៃឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ភូមិនេះ សម្បូរទៅដោយជនជាតិដើមភាគតិចព្នងរស់នៅ ជាក្រុមៗតូច និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីប្រជុំជននៃឃុំស្រែព្រះ។ នៅក្នុងការចុះពិនិត្យ និងស្រាវជ្រាវក្នុងភូមិហ្គាទីនេះ រៀបចំឡើងដោយមន្រ្តីក្រសួងបរិស្ថាន ដឹកនាំ ដោយ លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្ត កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ គេបានប្រទះឃើញផ្នូរសពរបស់ជនបរទេសម្នាក់ ព្រមទាំងមានឈ្មោះដូចគ្នាទៅនិងឈ្មោះភូមិហ្គាទី។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ផ្នូររបស់ជនជាតិបារាំងរូបនោះ ត្រូវបានបញ្ចុះយ៉ាងត្រឹមត្រូវ និងស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយកំពុងទទួលបានការការពារ និងអភិរក្សពីមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ។
លោក កែវ សុភ័គ បានឱ្យដឹងថា មន្ទីរគ្រោងនឹងរៀបចំចំណុចនេះ ឱ្យមានការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់ពីទីតាំងប្រវត្តិសាស្រ្ត ក្នុងតំបន់ការពារធម្មជាតិផងដែរ។ ផ្អែកតាមការសាកសួរជាមួយចាស់ទុំ នៅក្នុងសហគមន៍ ដែលមានប្រជាពលរដ្ឋភាគច្រើន ជាជនជាតិដើមភាគតិចព្នង បានបង្ហាញថាៈ ភូមិហ្គាទី ដើមឡើយមានឈ្មោះថាភូមិក្រង់ ស្ថិតក្នុង ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ នៅក្នុងសម័យកម្ពុជាស្ថិតក្រោមអាណានិគមបារាំង គឺឆ្នាំ១៩៣១ ជាឆ្នាំដែលមេទ័ព បារាំងឈ្មោះហ្គាទី(Gatille) បានមកដល់ទីនេះ ហើយបានស្លាប់ដោយមានអំពើហឹង្សារវាងកងទ័ពបារាំង និងជនជាតិដើមភាគតិចព្នង ដែលជាក្រុមចលនាតស៊ូប្រឆាំង និងនឹមត្រួតត្រាអាណានិគមនិយមបារាំងសេស។ ចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ បានឱ្យដឹងថា លោកហ្គាទីនេះ ក៏ជាមេទ័ព ធំម្នាក់ប្រចាំភូមិភាគឦសាន្តនេះថែមទៀតផង ហើយចាប់ពេលនោះមានការកសាងផ្នូសព និងបានដាក់ទីកន្លែងដែលលោកស្លាប់ ជាប់ឈ្មោះហ្គាទី ជាភូមិជំនួសឲ្យឈ្មោះភូមិក្រង់រហូតដល់សព្វថ្ងៃ៕