វាយជនរងគ្រោះ ប្លន់យកទ្រព្យសម្បត្តិ បានតែពីរថ្ងៃប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន
បាត់ដំំបង៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលវាយជនរងគ្រោះ ប្លន់យកទ្រព្យសម្បត្តិ បានតែពីរថ្ងៃប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបាន និងដកហូតវត្ថុតាងជូនជនរងគ្រោះវិញ។
កាលពីថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២០ អនុវត្តតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបាន ការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាន ដឹកនាំកម្លាំងក្នុងផែនដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល ធ្វើការបង្រ្កាបករណីករណីលួចមានស្ថានទម្ងន់ទោសមួយករណី (វាយប្លន់យកទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋមួយករណី ដោយបានធ្វើការឃាត់ខ្លួនជនស័ង្សយចំនួន ១នាក់ ឈ្មោះ សេក ផល្លា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ រត់តាក់ស៊ី ។
នគរបាលខេត្ត បានឲ្យដឹងថា សម្ភារៈដកហូតបានគឺ៖ លោហៈធាតុពណ៌លឿង (ខ្សែ ក)ចំនួន ១ខ្សែ លោហៈធាតុពណ៌លឿង (បន្តោងខ្សែ ក) ចំនួន ២បន្តោង ក្រវិលពណ៌ សចំនួន ១គូ ទូរស័ព្ទដៃម៉ាកOPO ពណ៌ក្រហមចំនួន ១គ្រឿង ទូរសព្ទដៃម៉ាក Nokia ស៊េរីចាស់ចំនួន ១គ្រឿង កាបូបយួរដៃពណ៌ប្រផេះចំនួន១ រថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ Highlander ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AI 9709។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង០០និង០៧នាទីរំលងអធ្រាត្រ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង មានករណី(លួចមានស្ថានទម្ងន់ទោស) មួយបានកើតឡើង ដែលករណីនេះ បង្កឡើងដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានជិះរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ Highlander ធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ និងប្លន់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ធី វត្ថា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ក្នុងពេលដែលជនរងគ្រោះកំពុងចាក់សោទ្វារផ្ទះបម្រុងចូលសម្រាក បណ្តាលឲ្យជនរងគ្រោះទទួលរងរបួសលើមុខ មុនពេលជនសង័្សយ ជិះរថយន្ត គេចខ្លួនពីកន្លែងកើតហេតុ។
ក្រោយកើតហេតុភ្លាមៗ និងទទួលបាននូវព័ត៌មានពីករណីនេះ និងក្រោមបទបញ្ជារបស់លោកស្នងការសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវតាមជំនាញរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតបានមកវិញ នូវសម្ភារៈភស្តុតាងខាងលើ យកមកប្រគល់ជូនជនរងគ្រោះវិញ។
លោកវរសេនីយ៍ទោ ឈឿង គឹមសុង បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនស័ង្សយ បានឆ្លើយសារភាពថា ខ្លួនតែម្នាក់ឯងគត់បានប្រព្រឹត្តិសកម្មភាព វាយប្លន់យកទ្រព្យសម្បត្តិរបស់នារីរងគ្រោះ កាលពីយប់ថ្ងៃទី ២៣ ខែ កុម្ភៈឆ្នាំ ២០២០ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ពិតប្រាកដមែន ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានអំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង សូមធ្វើការរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចនគរបាល ដែលនៅជិតបំផុត តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ក្នុងករណីមានអំពើល្មើសច្បាប់ណាមួយកើតឡើងនៅមូលដ្ឋាន ដើម្បីសមត្ថកិច្ចនគរបាលមានវិធានការស្រាវជ្រាវនិងឈាន ទៅធ្វើការបង្រ្កាបបានទាន់ពេលវេលា ។ នៅពេលនេះជនសង័្សយត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕