ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរៀបចំដែនដីនឹងធ្វើការ ចុះត្រួតពិនិត្យធ្វើអធិការកិច្ច សំណង់នៅតាមបណ្តាការដ្ឋាន

156

ភ្នំពេញ៖

ក្រសួងរៀបចំដែនដីនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិការកិច្ចសំណង់នៅតាមបណ្តាការដ្ឋានហើយប្រសិនបើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុសពីលិខិតបទដ្ឋានគតិយុត្តិនោះនឹងមានការចាត់វិធានការតាមផ្លូវច្បាប់។

ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ដែលបានចុះបញ្ជីមានសុពលភាព សរុប1200រូប បានចូលរួមក្នុងវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់ លើកទី4 នាថ្ងៃទី02 ខែមិនា ឆ្នាំ២០២០នេះក្រោមអធិបតីភាពលោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងវគ្គផ្សព្វផ្សាយនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាបានអោយដឹងថានេះជាលើកទី4ហើយដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់នេះឡើងដែលកាលពី3វគ្គមុនមានអ្នកចូលរួមចំនួន3289រូបហើយបានកត់សំគាល់ឃើញថាមានស្ថាបត្យករចូលរួមចំនួន91% ។ ការដែលក្រសួងរៀបចំវគ្គផ្សព្វផ្សាយច្បាប់សំណង់នាពេលនេះគឺដើម្បីជំរុញអោយវិស័យសំណង់បានក្លាយទៅជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ម្យ៉ាងទៀតក៏ដើម្បីប្រមូលបានធនធានមនុស្សដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់អំពីច្បាប់សំណង់ដែលចាត់ទុកថាជាសមិទ្ធិផលរួមរបស់ជាតិនិងប្រជាជនបានខិតខំកសាងធនធានមនុស្សនេះរយះពេល41ឆ្នាំកន្លងមក។ចំណេះនិងវិជ្ជាជីវះពិតប្រាកដដ៏កម្រនេះចាត់ទុកថាយើងអាចមានសមត្ថភាពក្នុងការទ្រទ្រង់រ៉ាប់រងវិសាលភាពការងារហើយក៏មិនចាញ់ស្ថាបត្យកររឺវិស្វករមកពីបរទេសនោះដែរ។

លោកបានចាត់ទុកថា សមត្ថភាពរបស់ស្ថាបត្យករឬវិស្វករក្នុងប្រទេសគឺជាសក្តានុពលដ៏ធំធេងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ។

លោកឧបនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ក្រុមហ៊ុនសិក្សាគំរោងប្លង់និងសាងសង់និងរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ឲ្យចូលរួមគាំទ្រនូវច្បាប់ស្តីពីសំណង់ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់។ក្រោយពីបានបញ្ចប់វគ្គផ្សព្វផ្សាយនាពេលនេះហើយលោកនឹងផ្សព្វផ្សាយច្បាប់សំណង់នេះទៅដល់បណ្តានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀតនិងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តរាជធានីទូទាំងប្រទេស បន្ទាប់មកក៏នឹងមានការប្រជុំផ្សព្វផ្សាយជាមួយព្រះរាជអាជ្ញា មេធាវីនិងក្រលាបញ្ជីសំដៅអោយការអនុវត្តច្បាប់សំណង់នេះស្របទៅតាមលិខិតបទដ្ឋានផងស្របតាមច្បាប់ផងហើយជាការអនុវត្តនូវវិធានការច្បាប់ផងដែរ។ការចូលរួមទទួលការបណ្តុះបណ្តាលដើម្បីបានយល់ដឹងអំពីច្បាប់ស្តីពីសំណង់នេះគឺដើម្បីបានទទួលវិញ្ញាបនបត្របញ្ជាក់ថាបានចូលរួមវគ្គផ្សព្វផ្សាយនិងបានយល់ដឹងនូវខ្លឹមសារជាសារវ័ន្តដែលច្បាប់សំណង់បានកំណត់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនសិក្សាគំរោងប្លង់និងសាងសង់និងរូបវ័ន្តបុគ្គលសិក្សាគំរោងប្លង់ទាំងអស់។នៅពេលដែលក្រសួងបានរៀបចំផ្សព្វផ្សាយច្បាប់នេះមានលក្ខណៈគ្រប់គ្រាន់ហើយនោះក្រសួងនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិការកិច្ចសំណង់នៅតាមបណ្តាការដ្ឋានហើយប្រសិនបើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុសពីលិខិតបទដ្ឋានគតិយុត្តិនោះនឹងមានការចាត់វិធានការតាមផ្លូវច្បាប់។

លោក ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឲ្យមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីជំរុញឲ្យក្រុមហ៊ុនសាងសង់ឬវិស្វករ ស្ថាបត្យករក្នុងស្រុកមានការងារធ្វើទាំងអស់គ្នាដោយរាល់ការដ្ឋាននីមួយៗត្រូវមានវិស្វករឬស្ថាបត្យករប្រចាំការដ្ឋានយ៉ាងហោចណាស់2នាក់ ព្រមទាំងបានគាំទ្រដល់ក្រុមហ៊ុនសាងសង់មកពីបរទេសទាំងអស់ឲ្យបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងអនុវត្តច្បាប់ស្តីពីសំណង់និងច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ម្យ៉ាងទៀតក៏បានគាំទ្រដល់វិស័យអចលនវត្ថុដែលចាត់ទុកថាជាវិស័យមួយដែលមានសារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិផងដែរ។

លោកបានសំណូមពរឲ្យអ្នកចូលរួមក្នុងវគ្គផ្សព្វផ្សាយនាពេលនេះរួមគ្នាគាំទ្រក្នុងការអនុវត្តច្បាប់សំណង់នេះអោយបានត្រឹមត្រូវ មានប្រសិទ្ធភាព និងកុំបណ្តែតបណ្តោយឲ្យការសាងសង់សំណង់ផ្សេងៗគ្មានបទដ្ឋានបច្ចេកទេសច្បាស់លាស់ឬគ្មានលិខិតអនុញ្ញាតសាងសង់ដែលបង្កជាវិបត្តិផ្សេងៗដូចពេលកន្លងមក ដើម្បីធ្វើយ៉ាងណាឲ្យព្រះរាជាណាចក្រកម្ពុជាមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណភាព មានសំណង់ដែលអាចចូលរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុនិងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈនិងបុគ្គលសំដៅផ្តល់ជាប្រយោជន៍រួមសំរាប់ប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង