ឯកអគ្គរដ្ឋទូតរុស្ស៉ី៖ជំនួបសម្តេចធិបតីហ៊ុនម៉ាណែតនិងលោកពូទីនបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៉ី
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា លោក Anatoly Borovik បានថ្លែងថា ជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ក្នុងឱកាសកិច្ចប្រជុំកំពូលរុស្ស៉ី-អាស៊ាន នៅទីក្រុងកាហ្សាន កាលពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយការបរទេសរបស់រុស្ស៉ី ស្ថានការណ៍អន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងកម្ពុជា ដែលរៀបចំដោយស្ថានទូតសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ជំនួបរវាងមេដឹកនាំទាំងពីរ គឺជាជំនួបផ្ទាល់លើកដំបូងក្នុងរយៈពេល៨ឆ្នាំ និងកើតឡើងស្របពេលឆ្នាំ២០២៦ ជាឆ្នាំប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៉ី។
បើតាមការបញ្ជាក់របស់លោក ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ ថាមពល និងការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ។ ភាគីរុស្ស៉ីក៏បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រីកទំនាក់ទំនងជាមួយកម្ពុជា តាមរយៈគណៈកម្មការអន្តររដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការផ្សេងៗ។
លោកឯកអគ្គរដ្ឋទូត បានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលរុស្ស៉ី-អាស៊ានឆ្នាំនេះ បានអនុម័ត និងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ រួមទាំងសេចក្តីប្រកាសទីក្រុងកាហ្សាន និងផែនការសកម្មភាពរុស្ស៉ី-អាស៊ាន ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងថាមពល។
ក្នុងវេទិកាធុរកិច្ចរុស្ស៉ី-អាស៊ាន ដែលធ្វើឡើងអំឡុងកិច្ចប្រជុំកំពូលដដែល ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញការវិនិយោគ និងពាណិជ្ជកម្ម។ ឯកអគ្គរដ្ឋទូតបានលើកឡើងថា ក្រុមហ៊ុនរុស្ស៉ីធំៗ ដូចជា GAZ, AvtoVAZ, KAMAZ និង Miratorg បានបង្ហាញការចាប់អារម្មណ៍លើទីផ្សារកម្ពុជា ខណៈក្រុមហ៊ុន GAZ ក៏បានរៀបចំការបង្ហាញផលិតផល និងការបើកបរសាកល្បងនៅរាជធានីភ្នំពេញ កាលពីខែឧសភាកន្លងទៅ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ឯកអគ្គរដ្ឋទូតរុស្ស៉ីបានមានប្រសាសន៍ថា រុស្ស៉ីកំពុងតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និងជឿជាក់ថា សន្តិភាពយូរអង្វែងអាស្រ័យលើការស្តារទំនុកចិត្តនយោបាយរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា ស្ថានភាពនេះមិនបានប៉ះពាល់ដល់ការវាយតម្លៃរបស់វិនិយោគិនរុស្ស៉ីចំពោះបរិយាកាសវិនិយោគនៅកម្ពុជានោះទេ។
ពាក់ព័ន្ធនឹងវិស័យអប់រំ លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថា បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ១៦០នាក់ កំពុងសិក្សានៅប្រទេសរុស្ស៉ី ហើយភាគីរុស្ស៉ីកំពុងខិតខំបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាខ្ពស់ និងថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព។
ក្នុងសន្និសីទសារព័ត៌មានដដែល ឯកអគ្គរដ្ឋទូតរុស្ស៉ីក៏បានលើកឡើងអំពីទស្សនៈ និងជំហររបស់រុស្ស៉ីចំពោះស្ថានភាពអន្តរជាតិ និងសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងអញ្ជើញប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឱ្យតាមដានព័ត៌មានពីប្រភពរុស្ស៉ីផងដែរ៕
