ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ជម្រុញអោយបង្កេីនការយកចិត្តទុកដាក់ ចំពោះអ្នកបំភ្លៃការពិតនៃជំងឺកូរ៉ូណាថ្មី បើមានករណី​មានមនុស្សដួល​ រឺសន្លប់​ ត្រូវរាយការណ៍មក រដ្ឋបាលខណ្ឌជាបន្ទាន់

58

ភ្នំពេញ៖ ពាក់ព័ន្ធនឹង ជំងឺកូរ៉ូណាថ្មី ឬ Covid-19 ដែលបាននិងកំពុងបង្កអោយមានការភ្ញាក់ផ្អើលពេញពិភពលោកនោះ អភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន បានជម្រុញអោយមន្ត្រី និងបងប្អូនស្ត្រីទាំងអស់បង្កេីនការយកចិត្តទុកដាក់អោយបានខ្លាំងក្លា ពិសេសបើមានករណី​មានមនុស្សដួល​ រឺសន្លប់​ ដោយប្រការណាមួយ​ ត្រូវរាយការណ៍មក រដ្ឋបាលខណ្ឌជាបន្ទាន់ដោយមាន​ភ្ជាប់មកជាមួយនូវរូបភាព​ និងមូលហេតុឱ្យបានច្បាស់លាស់​ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅសាធាណៈជន​  ឱ្យបានមុន​ជនអគតិមួយចំនួនដែលមាន​ចេតនាអាក្រក់​ កេងចំណេញ​ដោយទាញយក​ហេតុការណ៍នេះ​ទៅបង្ហោះបំភ្លៃការពិត  បង្កឱ្យមានអស្ថេរភាពក្នុងសង្គម។

  ការជម្រុញបែបនេះ របស់លោកឯក ឃុនដឿន បានធ្វើឡើងកាល ពីព្រឹក ថ្ងៃទី០៣ មិនា ២០២០នេះ ក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិ៨មិនា ២០២០ ក្រោមប្រធានបទ មានសន្តិភាព មានការលើកកំពស់នៅសាលាខណ្ឌទួលគោក។

  លោកអភិបាលរាជធានី បានមានប្រសាសន៍លើកឡើងថា មានសន្តិភាពទើបយើងមានអ្វីៗទាំងអស់ មានទាំងការអភិវឌ្ឍ ហើយប្រធានបទឆ្នាំនេះ គឺ មានសន្តិភាព មានការលើកកំពស់សមភាពយេនឌ័រ។

  លោកបញ្ជាក់ថា បងប្អូនស្ត្រីក្នុង១ឆ្នាំកន្លងមកនេះ បានបំពេញការងារយ៉ាងល្អ ដូច្នេះដើម្បីបំពេញការងារអោយបានល្អប្រសើរបន្ថែមទៀត លោកអភិបាលបានជម្រុញអោយមានការសាមគ្គីភាព ឯកភាពគ្នា អោយបានល្អទើបយើងសម្រេចបាននូវគោលដៅមួយដែលយើងចង់បាន។

  លោកឯក ឃុនដឿនបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខភិបាល ក៏បានដាក់ចេញ នូវ វិធានការការពារ និងទប់ស្កាត់នានា ដូចជាត្រូវលាងដៃនិងសាប៊ូ ឬ អាល់កុល ឱ្យបានញឹកញាប់ មុនពិសារចំណីអាហារ ឬ ប៉ះពាល់មាត់ច្រមុះ។ ម៉្យាងបើមានជំងឺគ្រុនផ្តាសាយត្រូវពាក់ម៉ាសការពារកុំឱ្យឆ្លងទៅអ្នកដទៃដែលនៅជិតខ្លួន។ លោកអភិបាលបានបញ្ជាក់ថា នៅតាមសាលារៀននានានៅក្នុងរាជធានីឃើញថា បានយកចិត្តទុកដាក់លើការលើកកកម្ពស់បរិស្ថានក្នុងសាលា សុវត្ថិភាពចំណីអាហារ និងបង្កើតទីតាំងលាងដៃឱ្យបានគ្រប់គ្រាន់ មានទាំង សាប៊ូ ឬអាល់កុលលាងដៃ បំផុសឱ្យក្មួយៗសិស្សានុសិស្សមានការប្រុងប្រយ័ត្ន កុំបរិភោគចំណីអាហារណាមិនមានអនាម័យ កុំផឹកភេសជ្ជៈណាដែលមានជាតិផ្អែមផងដែរ។

   លោកស្រីឃួន គឹមនី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញ  បានមានប្រសាសន៍ថា បច្ចុប្បន្ននេះនារីបានក្លាយជាដៃគូរមិនអាចខ្វះបានជាមួយបុរស និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៏ជាតិមាតុភូមិ ដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំរបស់នារីជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង.ស្ថាបន័,រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋនិងឯកជន ជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចព្រះមហាក្សត្រីនរោត្តមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ជាព្រះប្រធានកិត្តិយស និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានបំពេញការងារជាច្រើនរួមចំណែកលើកកំពស់សិទ្ធិនារី និងកុមារ,ការប្រយុទ្ធប្រឆាំងគ្រឿងញៀន,យកចិត្តទុកដាក់លើទុរគតជន ក្មេងកំព្រា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

  ក្នុងឱកាសនោះដែរ លោកស្រី ឃួន គឹមនី ក៏បានជម្រុញអោយបងប្អូនស្ត្រីទាំងអស់ប្រឹងប្រែងបំពេញការងារស្របទៅតាមរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់និងលើកកំពស់ស្ត្រី។ ថ្នាក់ក្រោមជាតិគឺតម្រូវអោយមានបងប្អូនជាស្ត្រីបំរើការងារអោយបាន២៥ភាគរយ ។ដូច្នេះទេបងប្អូនត្រូវសាមគ្គីភាពគ្នា ប្រឹងប្រែងធ្វើកាេងារនិងផ្តេរចំណេះដឹង បទពិសោធន៍ទៅអោយក្មេងៗជំនន់ក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង