ជនជាតិបង់ក្លាដែសម្នាក់ស្លាប់ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង
ភ្នំពេញ៖ មានករណីបុរសជនជាតិបង់ក្លាដែសម្នាក់ គាំងបេះដូងស្លាប់ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុនប៊ូយ៉ុង បង្កការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍ទឹកថ្លា និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ ចុះទៅត្រួតពិនិត្យជាក់ស្តែង ។
ប៉ុន្តែករណីនេះ បណ្តាញសង្គមហ្វេសប៊ុក បានកាឡែព័ត៌មានថា ការស្លាប់បុរសជនជាតិបង់ក្លាដែសម្នាក់ ដោយសារវីរុសកូរ៉ូណា ឬខូវីដ១៩ ហើយពួកគាត់មិនហ៊ាននិយាយជាសាធរណៈ។
ពាក់ព័ន្ធនឹងករណីនេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចេញសេចក្តីបកស្រាយបំភ្លឺ សូមជំរាបជូនដល់សាធារណជនឲ្យបានជ្រាបថា មានpage និងគណនី Facebook មួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទិនទៅនឹងជនបរទេស ដែលបានដួលស្លាប់នៅក្នុងទឹកដីខណ្ឌសែនសុខ ។
អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សូមបញ្ជាក់ជូនព័ត៌មានពិតយ៉ាងដូច្នេះថា : នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥ និង៣០នាទី មានករណីជនជាតិបង់ក្លាដែស ដេកស្លាប់ កើតឡើង នៅចំណុចក្នុងផ្ទះកម្មករ សំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហព័ន្ធរុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សពឈ្មោះ ALOM JAHANGIR ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិបង់ក្លាដែស មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ BX0979936 ។ តាមការត្រួតពិនិត្យ របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសន្និដ្ឋានថា សពបានស្លាប់ដោយការ គាំងបេះដូង ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គឺមានមេការសំណង់ម្នាក់ បានរាយការណ៍មកប្រាប់សមត្ថកិច្ចថា មានមនុស្សដេកស្លាប់ នៅចំណុចកើតហេតុខាងលើ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍បន្តទៅខាងការិយាល័យនគរបាលជំនាញ ផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ ចុះមកពិនិត្យភ្លាមៗតែម្តង ។ បច្ចុប្បន្ន សពត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លា ៕