សម្តេចតេជោ៖ ទប់ស្កាត់ការយកស្នាដៃវប្បធម៌ចាស់ៗ យកមកក្លែងបន្លំជាមួយនឹងការបញ្ចូលរូបភាពមិនសមរម្យដោយពុំមានច្បាប់អនុញ្ញាត
ភ្នំពេញ៖សម្តេចតេជោណែនាំឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាពិសេសជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីទប់ស្កាត់ការបំពានច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលតាមរយៈការយកស្នាដៃវប្បធម៌ចាស់ៗយកមកក្លែងបន្លំជាមួយនឹងការបញ្ចូលរូបភាពមិនសមរម្យនានាដោយពុំមានច្បាប់អនុញ្ញាត។
នៅរសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា«វប្បធម៌ជាតិ៣មីនា» លើកទី២២ ,ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករសិល្បការិនីជិត៤ពាន់នាក់ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោហ៊ុនសែនបានកោតសរសើរចំពោះឤជ្ញាធរដែនដីរាជធានី–ខេត្តដែលបានផ្តល់ការគាំទ្រតាមរយៈគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរួមជាមួយក្រុមសិល្បៈយុវជនទាំង២៥រាជធានី–ខេត្តព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យនីមួយៗសរុប៧២៥នាក់បានចូលរួមប្រកួតប្រជែងស្នាដៃសិល្បៈនិងចំណេះដឹងផ្នែកវប្បធម៌ហើយក៏សូមចូលរួមអបអរសាទរចំពោះក្មួយៗដែលទទួលបានជ័យលាភីពីកម្មវិធីប្រកួតប្រជែងក្នុង«មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦» និងក្នុង«កម្មវិធីប្រកួតប្រជែងសមត្ថភាពចំណេះដឹងផ្នែកវប្បធម៌»នៅពេលនេះ។
សម្តេតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាបាវចនា«អរគុណសន្តិភាព»និងការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះធ្វើឱ្យវិស័យវប្បធម៌មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សគួរជាទីមោទនៈ។ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះបានឆ្លុះបញ្ចាំងអំពីឤរ្យធម៌ដ៏រុងរឿងនៃមហានគរខ្មែរនាសម័យអង្គរហើយក៏ជាកិត្តិយសរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិដែលមានកំណើតនៅលើដែនដីនៃវប្បធម៌ដ៏សម្បូរបែបនៅឤស៊ីឤគ្នេយ៍ដែលបុព្វបុរសខ្មែរបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយទៀត។សម្តេចតេជោបន្តថាដើម្បីបន្តការងារអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិរូបីនិងអរូបីប្រកបដោយតម្លាភាពសម្តេចតេជោបានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងភាគីពាក់ព័ន្ធទាំងអស់ដូចខាងក្រោម៖
១)ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងឤជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារនិងបង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទរមណីយដ្ឋានប្រវត្តិសា្រស្តវត្តឤរាមសំណង់ប្រវត្តិសាស្ត្រនិងសំណង់ដែលមានឤយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបីទាំងនោះឱ្យបានសព្វគ្រប់ដើម្បីចៀសវាងការរំលោភបំពានហើយត្រូវបន្តទាមទារយកមកវិញនូវបដិមានានារបស់ជាតិដែលបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម។
២)ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីទាំងឡាយរបស់ជាតិដែលបានបាត់បង់និងត្រូវយកចិត្តទុកដាក់ស្វែងរកមរតកមនុស្សរស់បន្ថែមទៀតដែលជាឃ្លាំងចំណេះដឹងក្នុងការបន្តវេនទៅយុវជនជំនាន់ក្រោយ។
៣)ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ធ្វើការផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍វប្បធម៌ជាតិឱ្យបានកាន់តែទូលំទូលាយក្នុងគ្រប់រូបភាពសម្រាប់ទេសចរជាតិនិងអន្តរជាតិដើម្បីលើកតម្លៃវប្បធម៌ជាតិរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ។
៤)សូមគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងព័ត៌មានដែលបានធ្វើឱ្យវិស័យ ភាពយន្តភាគខ្មែរបាននិងកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាព– យន្តភាគខ្មែរនាពេលកន្លងមក។ជាមួយគ្នានេះ ឤជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវសហការជួយសម្រួលផ្តល់ទីតាំងក្នុងដែនដីរបស់ខ្លួនដើម្បីសម្រួលដំណើរការនៃការថតនិងផលិតខ្សែភាព– យន្តគ្រប់ប្រភេទ។
៥)ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបំផុសសកម្មភាពគ្រប់ស្ថានទូតនិងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេសរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូតូហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេសចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធមនិងទូលំទូលាយ។
៦)ត្រូវរួមគ្នាសហការយ៉ាងជិតស្និទ្ធជាមួយឤជ្ញាធរដែនដីតាមមូលដ្ឋាននានាថែរក្សាការពារនូវប្រពៃណីទំនៀមទម្លាប់និងទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិចដែលជាផ្នែកមួយនៃវប្បធម៌ដ៏យូរលង់របស់ប្រជាជាតិយើងប្រកបដោយប្រសិទ្ធភាព។
៧)ត្រូវបន្តសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាពិសេសជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីទប់ស្កាត់ការបំពានច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលតាមរយៈការយកស្នាដៃវប្បធម៌ចាស់ៗយកមកក្លែងបន្លំជាមួយនឹងការបញ្ចូលរូបភាពមិនសមរម្យនានាដោយពុំមានច្បាប់អនុញ្ញាត។
៨)អំពាវនាវដល់ជនរួមជាតិទាំងអស់ជាពិសេសបងប្អូនកូនក្មួយសិល្បករ–សិល្បការិនីនិងអ្នកនិពន្ធស្នាដៃនានាត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលតាមរយៈការយកស្នាដៃចម្រៀងស្នាដៃភាពយន្តស្នាដៃរូបភាពស្នាដៃអក្សរសាស្ត្រស្នាដៃអក្សរសិល្បិ៍និងស្នាដៃវប្បធម៌ដទៃៗទៀតទាំងស្នាដៃដែលមានមរតកសាសន៍និងគ្មានមរតកសាសន៍មកផលិតឡើងវិញដោយពុំបានសុំការអនុញ្ញាតពីម្ចាស់សិទ្ធិឬពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
៩-)កោតសរសើរចំពោះការចូលរួមរបស់សប្បុរសជនមួយចំនួនដូចជាលោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែនសំអនលោកជំទាវម៉ៅម៉ាល័យកែគីមយ៉ានលោកជំទាវសៀងចាន់ហេងនិងលោកជំទាវស៊ុយស៊ីផានរួមទាំងសប្បុរសជនជាច្រើនទៀតដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួនរួមចំណែកជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីអភិរក្សប្រាសាទនិងព្រះវិហារបុរាណមួយចំនួននាពេលកន្លងមក។
សម្តេចតេជោបន្តទៀតថាដើម្បីឱ្យវប្បធម៌ជាតិដែលជាដួងព្រលឹងនិងជាអត្តសញ្ញាណជាតិនិងជាឧបករណ៍សម្រាប់កិច្ចសន្ទនាការផ្សះផ្សាសង្គមនិងជាស្ពាននៃការតភ្ជាប់រវាងប្រជាជាតិមួយទៅប្រជាជាតិមួយទៀតកាន់តែមានការរីកចម្រើននិងមានភាពល្បីល្បាញនៅបណ្តាឆ្នាំក្រោយៗទៀតសម្តេចតេជោក៏បានណែនាំមួយចំនួនដូចខាងក្រោម៖
ទី១– ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជននិងកីឡាក្រសួង– ស្ថាប័នពាក់ព័ន្ធឤជ្ញាធរដែនដីអង្គការជាតិ–អន្តរជាតិនិងវិស័យឯកជនព្រមទាំងអង្គការមហាជននិងសមាគមសិល្បៈនានាដើម្បីរៀបចំ«មហោស្រពសិល្បៈយុវជនទូទាំងប្រទេស»និងបំផុសស្មារតី«ទិវាវប្បធម៌ជាតិ» ឱ្យបានកាន់តែសកម្មនិងផុសផុលទាំងក្នុងនិងក្រៅប្រទេសក្នុងបុព្វហេតុរួមគឺការអភិរក្សនិងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិអនុលោមតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ដោយរដ្ឋជាអ្នកគាំទ្រគាំពារដៃគូឯកជនជាអ្នកអនុវត្ត។
ទី២–ត្រូវបន្តនិងបង្កើតនូវយន្តការថ្មីៗដើម្បីឱ្យកូនខ្មែរឤចមានលទ្ធភាពបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗរបស់ខ្លួនតាមរយៈការបើកវគ្គបណ្តុះបណ្តាលដល់យុវជននៅតាមវិទ្យាល័យសកលវិទ្យាល័យនិងអង្គការ/សមាគមសិល្បៈទូទៅដើម្បីពង្រឹងគុណភាពអ្នកបង្កើតស្នាដៃថ្មីៗតាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិដោយចៀសវាងការលួចចម្លងទាំងស្រុងនូវស្នាដៃសិល្បៈអ្នកដទៃនិងបរទេស។ជាមួយគ្នានេះត្រូវបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌នានាឱ្យបានច្រើននៅតាមបណ្តាខេត្តនៅទូទាំងប្រទេសជាពិសេសនៅខេត្តសៀមរាប។
ទី៣– ត្រូវបង្កើតភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធសារព័ត៌មានឯកជនតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង–ស្ថាប័នរដ្ឋនិងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកវប្បធម៌គ្រប់ៗរូបហើយត្រូវបន្តផ្សព្វផ្សាយចែករំលែកនូវខ្លឹមសាររូបភាពនិងវីដេអូនានាដើម្បីរំលឹកនិងអបអរ«ទិវាវប្បធម៌ជាតិ» និងព្រឹត្តិការណ៍វប្បធម៌ដែលមានអត្ថប្រយោជន៍ផ្សេងៗទៀតជាមួយនឹងស្មារតីស្រឡាញ់វប្បធម៌ជាតិឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេននិងជាសរសទ្រូងនៃប្រទេសជាតិ។
មុននឹងបិទកម្មវិធីសម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់កិត្តិយសជូនបណ្ណសរសើរដល់មន្រ្តីមានស្នាដៃមួយចំនួនដែលបានចូលរួមចំណែកក្នុងការថែរក្សានិងអភិរក្សសម្បត្តិវប្បធម៌ជាតិកន្លងមកនិងបានប្រគល់ពានរង្វាន់ដល់ក្មួយៗជ័យលាភីដែលមានស្នាដៃសិល្បៈឆ្នើមមកពីទូទាំងប្រទេសនិងអញ្ជើញពិសារអាហារសាមគ្គីជាមួយសិល្បៈករសិល្បៈការិនីក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីករាយបំផុត៕