ការព្យាបាលជំងឺខុសបច្ចេកទេស បណ្តាលឲ្យមនុស្ស១នាក់ស្លាប់ ហើយគ្រូពេទ្យម្នាក់ ត្រូវឃាត់ខ្លួន
ឧត្តរមានជ័យ ៖ បុរសម្នាក់បានស្លាប់ ដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច បានសហការជាមួយគ្រូពេទ្យជំនាញ ចុះធ្វើកោសល្យវិច័យ រកឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារប្រើថ្នាំព្យាបាលខុសបច្ចេកទេស ហើយ គ្រូពេទ្យម្នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឈន់ ឈយ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង បានស្លាប់ក្នុងបន្ទប់ថែទាំវេជ្ជសាស្ត្រឯកជន ពិគ្រោះព្យាបាលជំងឺមនុស្សចាស់ និងកុមារ ០១កន្លែង ស្ថិតនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានស្លាប់ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។ ចំណែក គ្រូពេទ្យប្រើថ្នាំខុសបច្ចេកទេស បណ្ដាលឲ្យគេស្លាប់នោះ មានឈ្មោះ អ៊ុក រ៉ែន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច បានសហការជាមួយគ្រូពេទ្យជំនាញចុះធ្វើកោសល្យវិច័យ សន្និដ្ឋានថា ពិតជាស្លាប់ដោយសារប្រើថ្នាំព្យាបាលខុសបច្ចេកទេសពិតប្រាកដមែនហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕