ប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង អភិបាលខេត្តកណ្តាល
កណ្តាល ៖ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។
មានប្រសាសន៍ក្នុង ពិធីសម្ដេចក្រឡាហោម បានជំរុញឱ្យអាជ្ញាធ រ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ“ភូមិ ឃុំមាន សុវត្ថិភាព” ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។
សម្ដេចក្រឡាហោម បានស្នើដល់ អាជ្ញាធរខេត្ត ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែ មានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅតាម មូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណើ សំណូមពរ និង បញ្ហាប្រឈម ដែលបានលើកឡើងក្នុងវេទិកាសាធារណៈនានា។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តកណ្តាលជំនួសលោក ម៉ៅ ភិរុណ។ ដោយឡែកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរងកណ្តាលវិញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ៕