រដ្ឋបាលរាជធានី ដាំដើមចំប៉ី ស ១១ដើមថែមទៀត នៅលើសួនច្បារមុខ ស្ថានទូតបារាំង ដើម្បីលើកសោភ័ណភាពរាជធានីអោយស្រស់ស្អាត មួយកម្រិតទៀត






ភ្នំពេញ៖ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញកាន់តែមានភាពស្រស់ស្អាតមួយកម្រិតថែមទៀត និង
ដើម្បីឲ្យភ្នំពេញក្លាយជាទីក្រុងដែលមានពណ៌បៃតង ព្រមទាំងមានទីធ្លាសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើម្បីសុខភាពល្អផងដែរនោះ រដ្ឋបាលរាជធានីភ្នំពេញបាន ដាំដើមចំប៉ីចំនួន១១ដើមថែមទៀត
នៅលើសួនច្បារមុខស្ថានទូតបារាំង ស្ថិតក្នុងខណ្ឌដូនពេញ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៤ មិនានេះថា អនុវត្តតាមការណែនាំពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាន ដាំ ដើមចំប៉ីចំនួន១១ដើមថែមទៀតនៅលើសួនច្បារស្ថានទូតបារាំង ស្ថិតក្នុងខណ្ឌដូនពេញ។
លោកសំ សាមុត បានបញ្ជាក់ថា ដើមចំប៉ីទាំង១១ដើមនេះ ត្រូវបានគាស់យកចេញពីសួនច្បារក្តាន់២ ខណៈដែលសួនច្បារក្តាន់២នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែសម្រួលឲ្យទៅក្លាយទៅជារង្វង់មូលក្តាន់២ ដើម្បីសម្រួលចរាចរនៅតំបន់នេះ ខណៈដែលតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃក្រោយពីបានបើកឲ្យមានលំហូរចរាចរណ៍ ចេញ ចូលក្នុងកាត់តំបន់អភិវឌ្ឍន៍បឹងកក់នោះ។
គួរបញ្ជាក់ថា ការកែលំអប្រព័ន្ធចរាចរនៅស្តុបក្តាន់២នេះ ធ្វើឡើងដោយសារស្ថានភាពចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វ ក្តាន់២ រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ខ្លាំង និងដើម្បីធានានូវលំហូរចរាចរណ៍នៅតំបន់នេះអោយបានប្រសើរឡើងជាងមុន ។ ជាមួយនិងកម្រោងនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើម ផ្លូវខាងជើងនិងដាក់លូទំហំ ១ម៉ែត្រផងដែរ៕