ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល ពាក់ព័ន្ធជំងឺ Covid-19 ខណៈពលរដ្ឋខ្មែរមិនទាន់កើតជំងឺនេះទេ

92

 

ភ្នំពេញ៖
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺកូវីដ១៩ (Covid-19) ដែលសន្និសីទនេះនឹងមានការអញ្ជើញចូលរួមពី៖
១- លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
២- លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា
៣- លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា
៤- លោកស្រី សាស្ត្រាចារ្យ រស់ ស៊ីណា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត។
៥- តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបាន
បញ្ជាក់ពីស្ថានភាពជំងឺកូវីដ១៩នេះ ដែលរហូតមកដល់ពេលនេះ នៅឯប្រទេសចិនគឺករណីថ្មី មានការថមថយហើយនេះ ករណីឆ្លងថ្មីមានត្រឹមតែ១២០ បើប្រៀបធៀបកាលពីពេលផ្ទុកដំបូងគឺមានរាប់ពាន់ករណី។ រហូតមកដល់ពេលនេះ មានប្រទេសចំនួន៧៦ប្រទេស ហើយដែល បានឆ្លងជំងឺកូវីដ១៩នេះ គិតត្រឹមថ្ងៃទី៤ ខែមីនានេះ ។

ដោយឡែក មកទល់ពេលនេះ ប្រទេសកម្ពុជាបានយកសំណាកទាំងអស់ចំនួន១៤៥ នាក់ មកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយមានតែ១ករណីតែប៉ុណ្ណោះដែលបានកើតជំងឺនេះ ទៅលើជនជាតិចិននៅឯខេត្តព្រះសីហនុ ដែលយើងបានព្យាបាលឲ្យ ជាសះស្បើយ ហើយចំនួន១៤៤ទៀតគឺមិនមានជំងឺនេះនោះទេ។ លោកជំទាវបានបញ្ជាក់ថា តាមការស្នើ ក៏ដូចជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពីធីបិទសន្និបាតក្រសួងសុខាភិបាលកាលពីម្សិលមិញ ក្រសួងក៏បានបង្កើនការត្រៀមឆ្លើយតបបន្ថែមទៀតនូវការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ក្រសួងក៏បានធ្វើការបដិសេធ ជាបន្តបន្ទាប់ពីប្រភពព័ត៌មាន ក្លែងក្លាយមួយចំនួន ដែលបានផ្សព្វផ្សាយទាក់ទងការកើតមានឡើងនូវ ការឆ្លងកូវីដ១៩ ដែលករណីទាំងអស់នោះ មិនមែនជាជម្ងឺកូវីដ១៦នោះទេ។

ក្នុងសន្និសីទសារព័ត៌មាននេះ សាស្ត្រាចារ្យជំនាញឯកទេសខាងជំងឺសួត នៃមន្ទីរពេទ្យរុស្ស៊ី បានបញ្ជាក់ថា ចំពោះរោគសញ្ញាករណីសង្ស័យថា មានជំងឺនេះនោះ គឺត្រូវបាននកំណត់ជាទូទៅ ដូចជាមានកំដៅលើស៣៨ អង្សា ,ករណីក្អក , ឈឺបំពុងក, ដកដង្ហើមពិបាក, បូកនឹងប្រវត្តិធ្លាប់ទៅកន្លែងដែលសង្ស័យថា មានជំងឺកូវីដ១៩ ហើយទាមទារយៈពេល១៤ថ្ងៃ។ បើមានករណីបែបនេះ គឺត្រូវយកសំណាកគាត់មកធ្វើតេស្តនៅវិទ្យាស្ថាន។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីដើរៗដួសសន្លប់នោះមិនមែនជាករណីជំងឺកូវីដ១៩នោះទេ ។ ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋយកចិត្តទុកដាក់ពីបញ្ហាជំងឺនេះ និងបើមានករណីសង្ស័យនោះ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ កុំអាលសង្ស័យថាមានេជំងឺកូវីដ ១៩ ។ ជាពិសេសត្រូវការពារ និងធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃអោយបានញឹកញាប់, ការរស់នៅស្អាត ហូបស្អាតជាដើម។

ទាក់ទងទៅនឹងករណីថ្មីៗនេះ ដែលមានករណីជនជាតិជប៉ុន ដែលបានធ្វើដំណើរពីក្រុងសៀមរាប ទៅកាន់ប្រទេសវៀតណាម ហើយបាន បន្តដំណើរទៅកាន់ប្រទេសជប៉ុន ថាមានជម្ងឺនេះនោះ ក្រសួងសុខាភិបាលបាន បញ្ចាក់ថា ពេលដែលទទួលបានដំណឹងនេះ ភ្លាមក្រសួងសុខាភិបាលបានធ្វើការនេះបន្ទាន់។ នៅពេលនេះក្រុមមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវតាមដាន យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកដែលមានទំនាក់ទំនង និងនៅក្បែរបុរសជនជាតិជប៉ុននោះ ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

ចំពោះករណីនេះ រូបគាត់បានឆ្លងកាត់ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថា គាត់បានឆ្លងជំងឺ Covid-19 នេះនៅប្រទេសណានោះទេ។ បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់ អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។ បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាប ម៉ោង២០: ៥៧ នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរ ទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ហើយពេលនេះកម្ពុជាកំពុងធ្វើការស្រាវជ្រាវ ជាពិសេសតានដាន មនុស្ស៤នាក់ដែលធ្វើការផ្ទាល់ជាមួយ បុរសជាជាតិជប៉ុននោះ។

លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក (WHO) បានពន្យល់អំពីលក្ខខណ្ឌដែលត្រូវធ្វើតេស្តរកមេរោគ Covid-19 ដោយមិនត្រូវធ្វើតេស្តគ្រប់មនុស្សនោះទេ។ លោកស្រីបានបញ្ជាក់ថា ការធ្វើតេស្តចំពោះ ជនដែលមិនមានរោគសញ្ញា នឹងធ្វើឱ្យមានការខ្ជះខ្ជាយដល់ធនធាន និងពេលវេលា និងបានជំរុញឱ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ធ្វើតេស្តរកកូវីត១៩ ចំពោះជនមួយចំនួន ដែលមានអាការៈផ្តាសាយ ឬដួលសន្លប់ ដែលត្រូវបានបង្ហោះ តាមបណ្តាញសង្គមជាបន្តបន្ទាប់មកនេះ។

លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ដើម្បីឱ្យបុគ្គលម្នាក់ទទួលការធ្វើតេស្តរកជំងឺ Covid-19 នេះបានគឺគាត់ត្រូវមានលក្ខខណ្ឌ ស្របតាមនិយមន័យផ្ទុក Covid ដែលគាត់ត្រូវតែមានរោគសញ្ញា ផ្លូវដង្ហើមសម្រាប់ជំងឺ Covid-19 នេះ។ បុគ្គលនេះត្រូវតែមាន ប្រវត្តិប៉ះពាល់ជាមួយនឹង ករណីវិជ្ជមានជាមួយជំងឺ Covid-19 ឬមានប្រវត្តិធ្វើដំណើរទៅក្នុងតំបន់ ឬប្រទេសដែល កំពុងតែមានផ្ទុះជំងឺនេះ។

លោកស្រីបញ្ជាក់ថា ប្រសិនបើបុគ្គលនោះ មិនបានចូលក្នុងនិយមន័យ ករណីសង្ស័យនេះទេ គឺយើងមិនចាំបាច់ចូលធ្វើតេស្ត រកមេរោគ Covid-19 ទេ ព្រោះទី១ ធ្វើឱ្យយើងខ្ជីខ្ជាសម្ភារ ឬធនធានដែលយើងមាន ហើយបើទោះបីយើងធ្វើតេស្តភាគរយធ្វើតេស្ត គឺអវិជ្ជមានខ្ពស់មែនទែន ដូច្នេះគឺយើងមិនចាំបាច់ធ្វើតេស្ត ទៅលើអ្នកដែលមិនជួបករណីសង្ស័យនេះទេ។ អង្គការសុខភាព បាននិងកំពុងធ្វើការមួយនឹងក្រសួងសុខាភិបាលកម្ពុជា ដើម្បីពង្រឹងនូវសមត្ថភាព សម្រាប់ចាប់បាននូវ ករណីសង្ស័យ ហើយនឹងធ្វើតេស្តទៅលើករណី សង្ស័យមានផ្ទុកវីរុស កូរ៉ូណា ឬ Covid-19។ ដូច្នេះ ដើម្បីចាប់បាន និងរកឃើញករណីសង្ស័យវីរុស Covid-19 នេះ គឺមានលក្ខខណ្ឌជាក់លាក់ ដែលហៅថា និយមន័យករណី។
រាល់ការធ្វើតេស្ត គឺធ្វើតេស្តទៅតាម ការកំណត់របស់អង្គការសុខភាពពិភពលោក ហើយធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ដែលជាវិទ្យាស្ថានមួយ ដែលមាន កម្រិតស្តង់ដារអន្តរជាតិ ហើយក៏មានការត្រួតពិនិត្យ គុណភាពនេះ បានហ្មត់ចត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង