ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍ រវាងខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា ឡាវ

72

ឡាវ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសមជាមួយលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្ដីការគណៈរដ្ឋមន្ត្រីឡាវ។

នៅក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម ថងលូន ស៊ីសូលីត នូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានរាយការណ៍ជូនលោក អំពីលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ព្រមទាំងកំណត់ហេតុ កិច្ចប្រជុំសហប្រតិបត្តិការឆ្នាំ២០២០ ដែលក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវទើបបានចុះហត្ថលេខា។

ជាការឆ្លើយបលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានសម្ដែងការគាំទ្រចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ ពិសេសកំណត់ហេតុ សហប្រតិបត្តិការឆ្នាំ២០២០ ដែលបានបន្តផ្ដោតការយកចិត្តទុកដាក់ដល់ការរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាមតំបន់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើស និងការអភិវឌ្ឍតំបន់ព្រំដែន។ លោកក៏បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណ និងការសួរសុខទុក្ខជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅទីក្រុងវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់លោក ឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ តាមគម្រោងសម្ដេចនឹងអញ្ជើញមាតុនិវត្តន៍នៅព្រឹកថ្ងៃទី៦ ខែមីនានេះ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញដល់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ការអញ្ជើញដល់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូអមដំណើរនាឱកាសនោះ ត្រូវបានទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅរាក់ទាក់បំផុត ពីសំណាក់លោកឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ និងមានរៀបចំពិធីត្រួតពលកងកិត្តិយស នៃក្រសួងសន្តិសុខសាធារណៈឡាវ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង បានអញ្ជើញជួបពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា អំពីសភាពសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការផ្លាស់ប្ដូរគណៈប្រតិភូ និងបណ្ដុះបណ្ដាលធនធានមនុស្ស ការងារឃុំខ្លួនអ្នកទោស ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។

កិច្ចប្រជុំដែលក្រសួងទាំងពីរផ្លាស់វេនគ្នារៀបចំជារៀងរាល់ឆ្នាំនេះ គឺដើម្បីអនុវត្តនូវយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

សម្ដេចក្រឡហាម ស ខេង និងលោកឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង នៅតែបន្តចាត់ទុកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ថាជាកិច្ចការមួយដ៏មសារៈសំខាន់ ក្នុងវិស័យសន្តិសុខ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែកព័ត៌មាន សំដៅគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាមព្រំដែន និងការបង្កាទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ។

ភាគីទាំងពីរក៏បានបង្ហាញការជឿជាក់ថាកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ នឹងបន្តក្លាយជាឯកសារតម្រង់ទិស សម្រាប់អាជ្ញាធរខេត្តជាប់ព្រំដែន និងបណ្ដាអង្គភាពពាក់ព័ន្ធចំណុះក្រសួងទាំងពីរ យកទៅអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ ស្ថិរភាពតំបន់ព្រំដែន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមបណ្ដោយព្រំដែន។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលោកឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើកំណត់ហេតុ កិច្ចសហប្រតិបត្តិការឆ្នាំ២០២១ ក្នុងពេលវេលាសមស្រប ហើយជាការឆ្លើតតប លោកឧត្តមសេនីយ៍ឯក ក៏បានទទួលការអញ្ជើញនេះដោយក្ដីរីករាយបំផុត ៕

អត្ថបទដែលជាប់ទាក់ទង