ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកព្រាប សុវត្ថិ ព្រមទទួលអនុវត្តតាម សំណូមពររបស់ ប្រជាពលរដ្ឋរុះរើ សម្ភារផ្សេងៗចេញពីដីផ្លូវ

62

 

បន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋមកនោះ លោកព្រាប សុវត្ថិ ព្រមទទួលអនុវត្តតាមសំណូមពររបស់ ប្រជាពលរដ្ឋរុះរើសម្ភារផ្សេងៗចេញពីដីផ្លូវសាធារណៈជាប់របងខាងក្រោយដីឡូតិ៍ជា បណ្តោះអាសន្ន និងកែសម្រួលការចតរថយន្តនៅលើផ្លូវសាធារណៈ កុំឲ្យប៉ះពាល់ការចេញចូលរបស់អ្នកជិតខាង និងកែសម្រួលសម្លេងរថយន្ត។

រដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថា អនុវត្តតាមការសន្យារបស់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដែលឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋថា លោកនឹងធ្វើការដោះស្រាយឲ្យបានជូនបន្ទាប់ពី លោក ព្រាប សុវត្ថិ ត្រឡប់មកពីខេត្តវិញ ករណីប្រជាពលរដ្ឋមានការ តវ៉ា ជាមួយលោក ព្រាប សុវត្ថិ យកដីផ្លូវសាធាណៈដាក់សម្ភារៈផ្សេងៗ និងចតរថយន្តលើផ្លូវ ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ លោកអភិបាលខណ្ឌ បានចាត់តាំង លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារធ្វើការសម្របសម្រួល ជាមួយភាគីទាំងពីរ។

ជាលទ្ធផលនៃការសម្របសម្រួលនេះ លោក ព្រាប សុវត្ថិ បានលើកឡើងថា លោកគ្មានចេនា ក្នុងការរំលោភចង់បានដីសាធារណៈនោះ បានដោយផ្ទះរបស់លោកសាសង់មិនទាន់រួច ហើយរូបលោក នឹងទទួលអនុវត្តតាមសំណូមពររបស់ ប្រជាពលរដ្ឋដូចខាងក្រោម៖
យល់ព្រមរុះរើសម្ភារផ្សេងៗ ចេញពីដីផ្លូវសាធារណៈជាប់របងខាងក្រោយដីឡូតិ៍ ដែលគាត់ដាក់ជាបណ្តោះអាសន្នប៉ុណ្ណោះ។ លោកក៏យល់ព្រម កែសម្រួលការចតរថយន្តនៅលើផ្លូវសាធារណៈ កុំឲ្យប៉ះពាល់ការចេញចូល របស់អ្នកជិតខាង និងកែសម្រួលសម្លេង រថយន្តឮនៅពេលយប់ ដែលគាត់ត្រឡប់មកពីច្រៀងវិញ។ នឹងឲ្យកម្មករកាប់មែកឈើដែលធ្លាក់ ចូលដីផ្ទះអ្នកជិតខាង ឲ្យអស់ ។

ប្រជាពលរដ្ឋដែលតវ៉ាបានឯកភាព ទទួលយកតាមការសន្យារបស់ លោក ព្រាប សុវត្ថិ ដោយបញ្ហាទាំងនេះ ពួកគាត់មិនបានជួបចរចា និយាយគ្នាជាមុនទេ បន្ទាប់មកតំណាងប្រជាពលរដ្ឋបានធ្វើការសុំទោសលោក ព្រាប សុវត្ថិ ជាសាធារណៈ ទៅកាន់អ្នកសារព័ត៌មានវិញ។

ជាការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ ក្រោយពីការសម្របសម្រួលនេះ រដ្ឋបាលខណ្ឌសែនសុខ នឹងធ្វើការដាក់គ្រឿងចក្រឈូសឆាយ នៅលើផ្លូវសាធារណៈ មួយខ្សែនេះ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមួយភូមិស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានកើតទុក្ខមិនសុខចិត្ត ដែលទុក្ខកង្វល់នេះរ៊ាំរ៉ៃ ជាច្រើនខែមកហើយ ដោយសារ លោក ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា រំលោភយកចំណីផ្លូវចូលភូមិ ដោយសាងសង់របងថ្មហ៊ុំព័ទ្ធ ដីឡូត៍ របស់លោកនិងខាងក្រោយលោក ព្រាប សុវត្ថិ បានឲ្យក្រុមជាងឈើ បោះតង់ បិតផ្លូវ ដាក់ម៉ាស៊ីនជ្រៀកកាត់ឈើធ្វើគ្រឿងសង្ហារឹម ធ្វើអោយប៉ះពាក់ផ្លូវរបស់អ្នកភូមិទាំងមូល ធ្វើដំណើរឆ្លងកាត់មិនបានទាល់តែវាងផ្លូវ រីឯផ្ទះរបស់លោកផ្ទះដែលនៅចង្ងាយពីដីឡូត៍ប្រហែល៥០ម៉ែត្រទៀតសោទ ពេលលោកនិងកូនៗនៅផ្ទះ បានរថយន្ត៤ទៅ៥គ្រឿង មកចតលើផ្លូវ រកតែចន្លោះធ្វើដំណើរ មិនកើត ពោលគឺចតបិតផ្លូវតែម្តង ។

បើតាមសម្តីរបស់បងស្រីម្នាក់ ដែលរស់នៅទល់មុខផ្ទះរបស់លោកព្រាប សុវត្ថិបានឲដឹងថា គាត់ពិបាកណាស់ខ្លួនឯងមានរថយន្តជិះ ហើយបែរជាគ្មានផ្លូវយក រថយន្ត បើករថយន្តចូលផ្ទះព្រោះតែក្រុមគ្រួសារ លោកព្រាប សុវត្ថិយករថយន្តមកទុក នៅខាងមុខផ្ទះពេញត្រៀមត្រា ដោយគាត់ក៏បានទទួចសុំចំពោះរឿងនេះ ដែលតែវាគ្មានផល ទើបគាត់សុខចិត្តចំណាយ លុយជារៀងរាល់ខែដើម្បីជួលផ្ទះគេដាក់រថយន្តរបស់គាត់ ។រីឯអ៊ំស្រីម្នាក់ទៀតវិញបានឲ្យដឹងថាដើមឈើក្នុងផ្ទះលោកព្រាប សុវត្ថិ នោះបានធ្លាក់ស្លឹកចូលផ្ទះរបស់គាត់ដែលនៅ ជាប់របងជាមួយយ៉ាងច្រើន ហើយគាត់ក៏បានសំណូមពរ ទៅលោកព្រាប សុវត្ថិ សុំកាត់មែកឈើណាដែល ចូលមកផ្ទះគាត់ដើម្បីកាត់បន្ថយស្លឹក។

ប្រជាពលរដ្ឋក្នុងភូមិដដែល បានលើកឡើងថា រថយន្តរបស់ក្រុមគ្រួសារលោកព្រាប សុវត្ថិ មានសំលេងបំពងខ្លាំងចេញចូលជាពិសេសនៅពេល យប់ព្រលប់ រំខានដល់ការសំរាន ផ្អើលអស់សូមប្បីតែសត្វ។

ដូច្នេះហើយ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ
១​-រក្សាទំហំផ្លូវ ទៅតាមឯកសាររបស់ភូមិបាល ដែលបានកំណត់​ ២​-ឈប់ ធ្វើរោងឈើបិតផ្លូវ​ ៣​-ឈប់ ចតរថយន្ត​ បិតផ្លូវ​ គ្មានសណ្តាប់ធ្នាប់ ៤-កុំឲ្យមានរថយន្តបំពងសំឡេងស៊ីមាំង លាន់ខ្លាំងៗ៕

អត្ថបទដែលជាប់ទាក់ទង