ជនបង្កបើករថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងឈ្មោះ ឆាយ គឹមហួង នឹងត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដោយមានការឯកភាពយល់ព្រម ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កដែលបើកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងឈ្មោះ ឆាយ គឹមហួង ដែលបើកបុកសមត្ថកិច្ចកំពុងអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយយោងលើមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវផ្តន្ទាទោសចាប់ពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ២លាន ដល់ ១០លានរៀល ។
នៅយប់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅពេលដែលក្រុមការងារត្រួតពិនិត្យរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅក្នុងទឹកដីខណ្ឌដូនពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ដឹកនាំប្រជុំជួរដោយលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ក៏មានរថយន្តម៉ាក Highlander មួយគ្រឿង ផ្លាកលេខ ភ្នំពេញ 2BD-9867 បានបើកបរក្នុងស្ថានភាពស្រវឹងខ្លាំងដោយឈ្មោះ ឆាយ គឹមហួង អនុប្រធានការិយាល័យក្រសួងទេសចរណ៍ បានបើកបុកសមត្ថកិច្ចកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបណ្តាលឲ្យរងរបួសធ្ងន់១នាក់ និងរបួសស្រាល២នាក់ នៅលើមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ខណ្ឌដូនពេញ ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ( រងរបួសស្រាល) លោកអនុសេនីយ៍ឯក លាង បណ្ឌិត នាយរងផ្នែក នៃការិយាល័យអន្តរាគមន៍ពិសេស (រងរបួសធ្ងន់ត្រង់ក្បាល) លោកព្រិនបាលទោ ហុង សង្វាត មន្ត្រីនៃការិយាល័យអន្តរាមន៍ ( រងរបួសស្រាល ) ដែលបង្កដោយបុរសម្នាក់ឈ្មោះ ឆាយ គឹមហួង អនុប្រធានការិយាល័យ ក្រសួងទេសចរណ៍ បើកបរក្នុងស្ថានភាពស្រវឹងខ្លាំង (មានកម្រិតជាតិអាកុល ០,៧៨មិល្លីត្រ ខ្យល់ ) មកបុកកម្លាំងចម្រុះនៅវេលាម៉ោង ២២និង៥០នាទីយប់ ស្របពេលដែលលោកស្នងការរងកំពុងដឹកនាំកម្លាំងប្រជុំជួរដើម្បីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ខណ្ឌដូនពេញ ។
ក្នុងឱកាសនោះលោកស្នងការបានបង្ហាញអារម្មណ៍អាណិតអាសូរ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលខិតខំបំពេញការងារទាំងយប់ ទាំងថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋ និងការពារ ទប់ស្កាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ដែលតែងតែបង្កដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹង ។
លោកស្នងការក៏បាននាំយកថវិកា និងសម្ភារៈមួយចំនួនទៀត ជូនមន្ត្រីរងគ្រោះដែលកំពុងសម្រាកព្យាបាលផងដែរ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស មុខសាលាវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ខណៈក្រុមសមត្ថកិច្ច កំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ឆែកឆេរអាវុធគ្រឿងផ្ទុះ និង ចាប់ឃាត់ខ្លួនអ្នកស្រវឹង ។
សមត្ថកិច្ច អះអាងថា ជនបង្កឈ្មោះ ឆាយ គឹមហួង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរជាអនុប្រធានការិយាល័យ នៃក្រសួងទេសចរណ៍ បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BD-9867 ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរាយការណ៍លទ្ធផលត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ គឺ ឃាត់បានរថយន្ត ២៤ គ្រឿង, ឃាត់បានម៉ូតូ ២៣៩ គ្រឿង សរុប ២៦៣ គ្រឿង។ អ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹង ២៤ , អ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ១១ អ្នកបើកបរអត់ពាក់មួកសុវត្ថិភាព និងអត់កញ្ចក់ ២៣៩។ បើស្រវឹង សូមកុំបើកបរ!!!៕