អគ្គរដ្ឋទូតសហរដ្ឋអាមរិក ចូលស្តាប់សវនកា រករណីលោក កឹម សុខា នៅក្នុងតុលាការ
ភ្នំពេញ៖ អង្គការ ADHOC-Cambodia បានប្រកាសថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ អគ្គរដ្ឋទូតសហរដ្ឋអាមរិក លោក W. Patrick Murphy បានចូលស្តាប់សវនការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ។
នេះជាលើកទីមួយហើយ ដែលយើងសង្កេតឃើញវត្តមានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគឺលោក W. Patrick Murphy បានទៅចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងដំណើរការសវនការក្តីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីដំណើរការសវនការអស់រយៈ៩សប្តាហ៍កន្លងមក គឺចាប់តាំងពីថ្ងៃទី ១៥ មករា ២០២០ ។ សវនាការថ្ងៃទី១១ និង ១២ ខែមីនា ឆ្នាំ២០២០នេះ គឺជាសវនាការលើកទី៧ បន្ទាប់ពីតុលាការបានរំលងពេលអស់ពីរសប្តាហ៍គឺ សប្តាហ៍ទី៦ និង សប្តាហ៍ទី៨ ដោយអះអាងថា ដើម្បីទុកពេលវេលាដល់ភាគីមេធាវីលោក កឹម សុខា បានសិក្សាលើឯកសារភស្តុតាងក្នុងសំណុំរឿង និងទុកសាលសវនការដើម្បីដំណើរការលើសំណុំរឿងផ្សេងៗទៀតផងដែរ ។
នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចេញពីបន្ទប់សវនាការនាព្រឹកនេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមរិក W. Patrick Murphy ក៏បានធ្វើសន្និសីទកាសែតផងដែរ ។
ចំណែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (U.S. Embassy Phnom Penh, Cambodia) បានចេញប្រកាសព័ត៌មានថា ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានវត្តមាននៅក្នុងសវនការកាត់ក្តីលោក កឹម សុខា ក្នុងនាមជាអ្នកសង្កេតការណ៍។ នេះគឺជាសេចក្តីថ្លែងរបស់លោកទៅកាន់អ្នកសារព័ត៌មាន នៅក្រៅតុលាការ៖ សហរដ្ឋអាមេរិកកំពុងតាមដានសវនការកាត់ក្តីលោក កឹម សុខាយ៉ាងដិតដល់។ ដំណើរការនេះអាចមានបច្ច័យទៅលើនិតិរដ្ឋ និងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ នៅកម្ពុជា និងសម្រាប់ទំនាក់ទំនងអន្តរជាតិ របស់ប្រទេសកម្ពុជា។ លោក កឹម សុខាមានកេរ្តិ៍ឈ្មោះដែលលោកសមនឹងទទួលបាននៅទូទាំងពិភពលោក ថាជាអ្នកគាំទ្រសិទ្ធិ និងសេរីភាព។ យើងរីករាយនឹងឃើញថា សិទ្ធិនយោបាយរបស់លោកត្រូវបានគេប្រគល់ឲ្យលោកវិញ ហើយយើងសង្ឃឹមផងដែរថា ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងដំណើរការនយោបាយ។ បុគ្គលិកស្ថានទូតបានចូលរួមក្នុងគ្រប់ថ្ងៃនៃដំណើរការសវនការនេះ។ យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើង ទាក់ទងនឹងសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ដោយរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ កម្មវិធីរបស់យើងគឺសម្រាប់គណបក្សនយោបាយទាំងអស់ ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលរបស់ខ្ញុំបានបញ្ជាក់ច្បាស់ហើយថា សហរដ្ឋអាមេរិកមិនដែលចង់ជ្រៀតជ្រែកក្នុងអភិបាលកិច្ចរបស់ប្រទេសកម្ពុជាទេ ។ យើងគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ តែ យើងគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ជាផ្នែកសំខាន់ចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ៕