ថ្ងៃទី1 នៃពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង មានអ្នកទស្សនាជាង3 ម៉ឺននាក់
បាត់ដំបង៖ក្រសួងទេសចរណ៍ព័ត៌មាននៅថ្ងៃទី14មីនានេះថា នៅថ្ងៃទីមួយ(១៣មីនា២០២០) នៃបុណ្យទន្លេនៅខេត្តបាត់ដំបងមានប្រជាពលរដ្ឋនិងភ្ញៀវបរទេសមកកំសាន្តចំនួនប្រមាណ៣មុឺននាក់(ក្នុងនោះបរទេសប្រមាណ៣០០នាក់ដែលភាគច្រើនជាជនជាតិបារាំង)។
នាល្ងាចថ្ងៃសុក្រទី១៣ខែមីនាឆ្នាំ២០២០នេះសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញពិនិត្យទីតាំងសំខាន់ៗនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបងបានទទួលរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦នេះចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២០នេះដោយមានសកម្មភាពជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍សិល្បៈវប្បធម៌កីឡានិងបរិស្ថានរួមមានស្តង់អាហារនិងស្តង់លក់ផលិតផលផ្សេងៗសរុបជាង៤០០ស្តង់។
សម្ដេចក្រឡាហោមសខេងព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធបានអញ្ជើញពិនិត្យនិងទស្សនាស្តង់ពិពណ៌ផលិតផលទាំងនោះដោយបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តខ្ពស់ដល់ស្តង់ពិពណ៌ទាំងអស់ទាំងស្តង់ផលិតផលក្នុងស្រុកនិងស្តង់ផលិតផលមកពីប្រទេសថៃ។
នៅថ្ងៃទី14 មីនានេះសម្តេចតេជោេនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញធ្វើដំណើរទៅខេត្តបាត់ដំបងដើម្បីបើកសម្ពោធជាផ្លូវការនៃការប្រារព្ធពិធីបុណ្យទន្លេនេះ។
ក្នុងរាត្រីថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបងត្រូវនឹងថ្ងៃទី១៣ខែមីនាឆ្នាំ២០២០នេះឃើញថាមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានមួរមីមកទស្សនាយ៉ាងច្រើនកុះកនៅតាមដងវិថីស្ពានសួនច្បារជាមួយនឹងការទទួលទានម្ហូបអាហារចំណីចំណុកនៅតាមវិថីលក់ម្ហូបអាហារទស្សនាការសមសម្ដែងសិល្បៈនៅលើឆាកធំការទស្សនាតាមស្ដង់ពិព័រណ៍នានាការប្រគំតន្ត្រីព្រមជាមួយភ្លើងបំភ្លឺយ៉ាងអញ្ចាចនៅកណ្ដាលទីក្រុងបេតិកភណ្ឌមួយនេះ។
មិនខុសពីការរៀបចំនៅឆ្នាំមុនៗនោះឡើយពិធីបុណ្យទន្លេលើកទី៦នេះត្រូវបានប្រារព្ធឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣–១៥ខែមីនាឆ្នាំ២០២០ក្រោមប្រធានបទ«ទន្លេនៃសន្តិភាពទន្លេនៃវិបុលភាព»។
យ៉ាងណាមិញលោករដ្ឋមន្ត្រីថោងខុននិងលោកអភិបាលខេត្តងួនរតនៈបានដឹកនាំការងាររៀបចំពិធីបុណ្យមួយនេះយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឱ្យប្រព្រឹត្តប្រកបដោយភាពអធិកអធមនិងរលូនជោគជ័យពិសេសរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពនិងភាពកក់ក្ដៅចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តគ្រប់គ្នាដោយមានការចូលរួមថែរក្សាសន្តិសុខសម្រួលចរាចរណ៍យ៉ាងសស្រាក់សស្រាំពីសំណាក់កម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ។ចំណែកក្រុមគ្រូពេទ្យនិងរថយន្តសង្គ្រោះក៏កំពុងត្រៀមប្រចាំការជួយសង្គ្រោះយ៉ាងមានរបៀបរៀបរយ។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថាការតាំងពិព័រណ៍សមិទ្ធផលផលិតផលក្នុងស្រុកមហោស្រពម្ហូបអាហារនិងភេសជ្ជៈរួមមានប្រមាណជាង៣០០ស្តង់ក្នុងនោះមានស្តង់ក្រសួង–ស្ថាប័នរដ្ឋមានប្រមាណ៣០ស្តង់ស្តង់ផលិតផលនាំចេញនិងស្តង់វិស័យទេសចរណ៍មានប្រមាណ២០ស្តង់ស្តង់ផលិតផលក្នុងស្រុកមាន៥០ស្តង់ស្តង់ផលិផលទូទៅមានប្រមាណ១៥០ស្តង់និងស្តង់វិថីម្ហូបអាហារមានចំនួន៥០ស្តង់ទៀតជាពិសេសការរៀបចំវិថីម្ហូបអាហារក្នុងក្រុងបាត់ដំបង(Food Street) ដែលសម្រាប់ជាគំរូទី២ដល់ខេត្តដទៃ។
ប្រជាពលរដ្ឋអាជីវករមួយចំនួនបានចូលរួមលក់ដូរម្ហូបអាហារនំចំណីភេសជ្ជៈទឹកពិសាបរិសុទ្ធរបស់របរប្រើប្រាស់ចម្លាក់ស្ពាន់–ឈើផលិតសិប្បកម្មកសិផលសម្លៀកបំពាក់វាយនភណ្ឌនិងផលិតផលទំនិញនានាផ្សេងទៀតយ៉ាងមមាញឹករីឯប្រជាពលរដ្ឋមួយចំនួនក៏បានដើរទស្សនាទិញដូររបស់របរទទួលទានអាហារពិសេសពួកគាត់បាននាំគ្នាថតរូបនៅតាមទីតាំងល្អៗមួយចំនួនទុកជាអនុស្សាវរីយ៍និងបង្ហោះនៅតាមបណ្ដាញសង្គមផ្សព្វផ្សាយបន្តដល់មិត្តភក្តិសាច់ញាតិដទៃឱ្យបានឃើញនិងមកទស្សនាកម្សាន្តតាមក្រោយ។
យុវជនបុរសនារីលោកយាយលោកតាមន្ត្រីរាជការបានបង្ហាញទឹកមុខសប្បាយរីករាយពួកគាត់ម្នាក់ៗហាក់ដូចគ្មានព្រួយភ័យអំពីជំងឺCovid-19 ឬបញ្ហាអ្វីផ្សេងឡើយដោយជឿជាក់លើការការពាររបស់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធពិសេសអ្នកបាត់ដំបងក៏បានចូលរួមដើរលេងកម្សាន្តច្រើនខ្លាំងណាស់ដែរ។
ក្រុមការងារអ្នករៀបចំស្ដង់ពិព័រណ៍ផលិតផលពិព័រណ៍ផលិតផលគោលដៅទេសចរណ៍ពិព័រណ៍រូបភាពសមិទ្ធផលពិព័រណ៍ផលិតផលរបស់ស្ថានទូតបរទេសមួយចំនួនក៏កំពុងមមាញឹកនឹងកិច្ចការងាររៀបចំការសម្ដែងការរាក់ទាក់ទទួលភ្ញៀវការពិពណ៌នាជូនភ្ញៀវអំពីផលិតផលដែលខ្លួនមានដើម្បីទាក់ទាញចំណាប់អំពីភ្ញៀវអ្នកដើរទស្សនា។
តាមរយៈទិដ្ឋភាពសកម្មភាពទាំងនេះគេបានកត់សម្គាល់ឃើញថាក្រៅពីផ្ដល់នូវភាពសប្បាយរីករាយការជួបជុំកិច្ចសហប្រតិបត្តិការសាមគ្គីរួបរួមការបញ្ចេញសមត្ថភាពការបំផុសស្មារតីស្រលាញ់ជាតិនិងកេរដំណែលដូនតាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះក៏បាននិងកំពុងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាទាំងមូលឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានឃើញបានស្គាល់និងមានចំណាប់អារម្មណ៍ទៅទស្សនាកម្សាន្តផងដែរ។
គួរជម្រាបថានៅថ្ងៃបើកព្រឹត្តិការណ៍បុណ្យទន្លេជាផ្លូវការនារាត្រីថ្ងៃទី១៤ខែមីនាស្អែកនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនឧត្តមមន្ត្រីថ្នាក់ដឹកនាំគណៈប្រតិភូមន្ត្រីរាជការនិងតំណាងស្ថានទូតបរទេសជាច្រើនរូបទៀត៕
