ចៅហ្វាយខណ្ឌចំការមនធ្វើពិធីបំផ្លាញ ទូហ្គេមជាច្រើនគ្រឿង ដើម្បីលប់បំបាត់ល្បែងសុីសង ប្រភេទទូរហ្គេមបាញ់ត្រី
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការម ដឹកនាំដោយលោក ថេង សុថល អភិបាលខណ្ឌ ចំការមននិងមានការចូលរួមជាមួយពីសំណាក់ អភិបាលរងខណ្ឌ និង មន្ដ្រីសាលាខណ្ឌ ព្រមទាំងអាជ្ញាធរមូលដ្ឋាន មួយចំនួនទៀតកាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ដោយបានរៀបចំពិធីបំផ្លាញទូហ្គេមបាញ់ត្រីចោលចំនួន ១៥គ្រឿង ដែលអាជ្ញាធររឹប អូសបាន ក្នុងភូមិសាស្ត្រខណ្ឌចំការមន នាកន្លងមកនេះ។
លោកអភិបាលខណ្ឌចំការមនថេង សុថុល បាននិយាយថា ដោយអនុវត្ដន៍តាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពោលគឺគ្មាន៩យ៉ាងនោះអាជ្ញាធរខណ្ឌ ចំការមនតែងតែចុះរឹបអូស និងបង្ក្រាបកន្លែងលេងហ្គេមបាញ់ត្រីដោយខុសច្បាប់ជាបានបន្ដបន្ទាប់ ដែលទីតាំងហ្គេមបាញ់តនរីទាំងនេះ បានពង្វក់ស្មារតីធ្វើឱ្យ សិស្សានុសិស្សវីវក់ញៀននិងបនល្បែងសុីសងទាំងអស់នេះដោយមិនបានចូលសិក្សារៀនសូត្រពោលគឺគេចសាលា។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា នៅចំពោះមុខនេះអាជ្ញាធរត្រូវតែបំផ្លាញកម្ទេចទូហ្គេមបាញ់ត្រីទាំងនេះ ចោល ដោយមិនអនុញ្ញាតឱ្យធ្វើការសម្របសម្រួល ឬធ្វើកិច្ចសន្យាជាមួយម្ចាស់ទូហ្គេមនោះឡើយ ហើយបើមិនដូច្នោះទេ ពួកគេនឹងបន្តបើកលេងបន្ដទៅទៀត។
ជាមួយគ្នានេះ អភិបាលខណ្ឌចំការមន ថេង សុថុល ក៏បានធ្វើការព្រមានយ៉ាងចាស់ដៃទៅដល់ម្ចាស់ទូហ្គេម បាញ់ត្រីនិងស្នើដល់អាណាព្យាបាលសិស្សពេលឃើញកូនចៅ របស់ខ្លួនចូលលេងហ្គេម បាញ់ត្រីត្រូវរាយការណ៍មកអាជ្ញាធរ និងសង្កាត់ ដើម្បីចុះបង្ក្រាបហ្គេមនោះ ។ លោកអភិបាលខណ្ឌ ថេង សុថុល បន្តថា កាលណាមានហ្គេម គឺជាការពង្វក់ស្មារតីដល់សិស្ស ចូលលេងភ្លេចការសិក្សារបស់ខ្លួន និងអាចឈានដល់ការប្រព្រឹត្តនូវអ្វីផ្ដេសផ្ដាសពោលគឺអំពើចោរកម្មផ្សេងៗ ដោយសារចាញ់ហ្គេមនេះ ឯងជំហានទី១លួចទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ ហើយជំហានទី២ឈានដល់ លួចទ្រព្យអ្នកដទៃ ។
ក្នុងឱកាសនោះដែរ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានក្រើនរំលឹកនគរបាល អាវុធហត្ថ កុំយកតួនាទី ភារកិច្ចរបស់ខ្លួន ទៅកាង ទៅគៀបជំរិតដាក់ខែ ដើម្បីលាភសក្ការ:ពីល្បែង ទាំងអស់នេះ ។
លោក ថេង សុថុល បានលើកឡើងទៀត ជាសាធារណនៅក្នុងពិធីដុតកំទេចទូហ្គេមនេះថា ការដុតកំទេចទូហ្គេមនៅពេលនេះ គឺលុបបំបាត់ល្បែងសុីសង ដែលជាដើមចមនៃ អំពើចោរកម្ម លួច ឆក់ ប្លន់ គ្រប់រូបភាពហើយមួយវិញទៀត ម្ចាស់ទូហ្គេមត្រូវបានចាត់ការតាមនីតិវិធីច្បាប់រួចអស់ហើយ ទើបយកទូហ្គេមមកដុតចោលនាពេលនេះ ។
លោក ថេង សុថុល បានអំពាវនាវឱ្យសិស្សានុសិស្ស ត្រូវគិតគូរពីការរៀនសូត្រ មិនត្រូវវក់នឹងល្បែងស៊ីសង ដូចជាលេងហ្គេមនោះឡើយ ហើយអាជ្ញាធរខណ្ឌ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព និងបន្ដបង្ក្រាបកន្លែងបើកហ្គេមនៅក្នុងខណ្ឌចំការមនទាំងអស់ ។
លោកអភិបាលខណ្ឌ និងណែនាំបន្ដទៀត ដល់អាជ្ញាធរមូលដ្ឋាននានា ត្រូវរាយការណ៍ ជូនមកសាលាខណ្ឌ បើសិនជាមានការបើកលេង ហ្គេមនៅក្នុងទឹកដីរបស់ខ្លួននោះ ។
ប្រជាជនបានគាំទ្រទៅលើកណ្ដាប់ដៃដែកលោកអភិបាលខណ្ឌចំការមនក្នុងចំណាត់ការរបស់អាជ្ញាធរខណ្ឌ ដែលបានចាប់បង្ក្រាបដុតកំទេចទូហ្គេមចោលជាច្រើនគ្រឿង ដែលជាល្បែងពង្វក់ស្មារតីសិស្ស និងជាប្រភពបទល្មើសផ្សេងៗ៕
