ទាហានមួយក្រុម វាយជនពិការអង្គុយលើរទេះរុញ
ភ្នំពេញ៖បន្ទាប់ពីលោក ព្រំ សាន្ត ទីប្រឹក្សាក្រសួងព័ត៌មាន បានបង្ហោះវីដេអូមួយ កាលពីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ បង្ហាញពីសកម្មភាពរបស់ទាហានមួយក្រុមមាឌធំៗ ប្រើអំពើហិង្សាទៅវាយបុគ្គលិកអគ្គិសនីដែលជាជនពិការអង្គុយលើរទេះរុញ ដល់កន្លែងធ្វើការ ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក ស្នើឲ្យចាត់ការជាបន្ទាន់ ករណីមេកងការពារព្រំដែនលេខ ៥០៤ ទៅវាយជនពិការ ដែលជាបុគ្គលិកអគ្គីសនី ព្រោះតែរឿងផ្ដាច់ភ្លើង។
ជាមួយគ្នានេះដែរ ឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថាត្រូវចាត់ការជាបន្ទាន់ចំពោះករណីនេះ។ ហើយឯកឧត្តមថា ជននេះ គ្មានសីលធម៌ ចរិតយ៉ង់ឃ្នង មិនសមគ្រងឯកសណ្ឋានអ្នកបម្រើរាស្ត្រនោះទេ ។
ឯកឧត្តម បានថ្លែងថា ច្បាប់ត្រូវអនុវត្តន៍ដោយស្មើភាព និងគ្មានការលើកលែង ចំពោះបុគ្គលដ៏ឃោរឃៅបែបនេះ ។ មហាជនកំពុងរងចាំមើលថាតើច្បាប់មានចំណាត់ការឬទេ ? កន្លងមក មានករណីបាញ់បោះសម្លាប់មនុស្ស ច្បាប់មិនទាន់ចាប់បាននៅឡើយទេ សូម្បីករណីប្លន់ធនាគារនៅក្បែរវ៉ាន់ដា ក៏ស្ងាត់បាត់សូន្យឈឹង។
បើតាមលោក ព្រំ សាន្ត ថា តាមការឲ្យដឹងខ្លះៗ របស់អ្នកផ្តល់ព័ត៌មាន ហេតុផលដែលមេកង504 យឺតពេលបង់លុយ ទៅ ខាងភ្លើងដូចនេះ ក៏ព្រោះលង់ខ្លូនចាញ់ល្បែងកាស៊ីណូយ៉ាងធ្ងន់ក ៕