មន្ទីរសង្គមកិច្ចខេត្តប៉ៃលិន ដាក់ពាក្យបណ្តឹង ទាហានមួយក្រុម ប្រព្រឹត្តអំពើហិង្សា ជនពិការម្នាក់
ភ្នំពេញ៖ ពាក់ព័ន្ធករណីមេកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកម្លាំង វាយបុគ្គលិកអគ្គិសនី ដែលជាជនមានពិការភាពនោះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវឱ្យសមត្ថកិច្ច និងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ករណីនេះលោក ឯម ច័ន្ទមករា បានស្នើឱ្យអាជ្ញាធរស្វែងរកមូលហេតុពិតប្រាកដនិងរកយុត្តិធម៌ដល់ជនរងគ្រោះដែលមានពិការភាព។
បើតាមឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា “យើងខ្ញុំកំពុងតាមដានករណីនេះ ដោយយកចិត្តទុកដាក់បំផុត ហើយបានផ្តល់ព័ត៌មាននេះ ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់រួចហើយ ហើយប្រសិនបើបុគ្គលិក មានពិការភាពរូបនោះ ប្រើពាក្យសម្តី ឬកាយវិការមិនសមរម្យ ចំពោះអតិថិជន គប្បីដាក់ពាក្យរិះគន់ដើម្បីស្ថាបនា ទៅប្រធានសាខាអគ្គិសនីនៅទីនោះ មិនគួរប្រើអំពើហិង្សា ដែលផ្ទុយពីច្បាប់ទេ”។
មន្ទីរសង្គមកិច្ចខេត្តប៉ៃលិន បានឲ្យដឹងថា ករណីនេះ បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ និងកំពុងតែដំណើរការ ទៅតាមនីតិវិធីច្បាប់៕