ឃាត់ខ្លួនគ្រូស្នងរូបយាយម៉ៅ ថា អាចផ្លុំស្តោះជាជំងឺ Covid-19
កោះកុង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មណ្ឌលសីមា បានចាត់កងកម្លាំង ចុះហាមឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធការចូលរូប ស្នងរូបយាយម៉ៅ នៅភូមិថ្មី ចាំយាម មានការប្រមូលផ្ដុំប្រជាពលរដ្ឋ ថា អាចផ្លុំស្តោះជាជំងឺ Covid-19 ហើយកងកម្លាំងបានធ្វើការហាមឃាត់ និងធ្វើកិច្ចសន្យាហាមប្រព្រឹត្តដាច់ខាត។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា កងកម្លាំង ចុះហាមឃាត់ការចូលរូប ស្នងរូបយាយម៉ៅនៅភូមិថ្មី ចាំយាម មានការប្រមូលផ្ដុំប្រជាពលរដ្ឋ ថាអាចផ្លុំស្តោះជាជម្ងឺ Covid-19 បានធ្វើការហាមឃាត់ និងធ្វើកិច្ចសន្យាហាមប្រព្រឹត្តដាច់ខាត។
លោកវរសេនីយ៍ត្រី ស្រី សុខាវា អធិការរង បានថ្លែងថា គ្រូស្នងរូបនោះ មានឈ្មោះ ហ៊ុន ស្រីវិត ស្នងរូបយាយម៉ៅ មុខរបរ ជាគ្រូទាយ អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវនគរបាលឃាត់ខ្លួនអំពីករណី ការឡាយទស្សន៍ទាយ មើលជំងឺប៉ះពាល់ដល់សង្គម កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅផ្ទះជួលខាងលើ។
លោកអធិការរង បានបន្តថា បន្ទាប់ឃាត់ខ្លួន គ្រូស្នងរូបយាយម៉ៅ បានធ្វើកិច្ចសន្យាថា នាងខ្ញុំគ្រូស្នងរូបយាយម៉ៅ សូមសន្យាជាមួយសមត្ថកិច្ចថា ពេលត្រឡប់ទៅវិញ ឈប់ទស្សន៍ទាយ មើលជំងឺ និយាយធ្វើឲ្យប៉ះពាល់ដល់សង្គម ឬបំផុសបំផុលប្រជាពលរដ្ឋឲ្យធ្វើអ្វីដែលច្បាប់ហាមឃាត់តទៅទៀតហើយ បើសិនជាមានជាលើកទី២ សូមឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕