ឆេះរោងចក្រក្ដារបន្ទះ
កំពង់ចាម: ស្នងការនគរបាលខេត្ត បានអះអាងថា សមត្ថកិច្ចមានការលំបាកបន្តិចក្នុងការជួយអន្តរាគមន៍ ដោយសាររោងចក្រក្ដារបន្ទះ ហ៊ុមព័ទ្ធដោយដំបូល និងជញ្ជាំងសង្ក័សីបិទជិត។ នៅវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះអគ្គិភ័យមួយកើតឡើង បានឆាបឆេះរោងចក្រក្ដារបន្ទះ នៅចំណុច ជិតជើងភ្នំស្រី ភ្នំប្រុស ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានអំពីហេតុការណ៍ខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងចេញប្រតិបត្តិការដោយផ្ទាល់ និងបញ្ជាឲ្យចេញរថយន្តអគ្គិភ័យរបស់ខេត្ត និងតាមបណ្ដាស្រុក សរុបចំនួន១១គ្រឿង ចេញប្រតិបត្តិជាបន្ទាន់ ដោយមានការដឹកនាំមកពីសំណាក់លោកអធិការ-អធិការរង ដោយផ្ទាល់ និងត្រូវប្រើប្រាស់ទឹកអស់ ចំនួន៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម ១៥០នាក់។
សូមបញ្ជាក់ថា អគ្គិភ័យនេះ យើងគ្រប់គ្រងបានទាំងស្រុងដោយបានទប់ស្កាត់ មិនបណ្ដាលឲ្យឆាបឆេះរាលដាលបន្ត នៅវេលាម៉ោង ១:៣៥នាទីយប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២០ ដែលប្រតិបត្តិការនេះ ចំណាយអស់រយ:ពេល ជាង៣ម៉ោង។
បើតាមការសាកសួរព័ត៌មាន ពីអ្នកបម្រើការងារក្នុងរោងចក្រ បានឲ្យដឹងថា ដើមហេតុ នៃអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ត្រង់ចំណុចកន្លែង ផលិតពូក ផ្នែកកណ្ដាល នៃផ្ទៃរោងចក្រ ចំពោះទំហំ នៃការខូចខាត់សមត្ថកិច្ចជំនាញ កំពុងធ្វើការសិក្សា វាយតម្លៃ។
ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ លោកឧត្ដមសេនីយ៍ស្នងការ បានថ្លែងថា “ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចយើងមានការលំបាក បន្តិច ដោយសាររោងចក្រនេះ ហ៊ុមព័ទ្ធដោយដំបូល និងជញ្ជាំងសង្ក័សីបិទជិត តែយើងបានប្រើមធ្យោបាយ យកគ្រឿងចក្រ វាយបំបែក និងទម្លុះដំបូលជញ្ជាំង ទើបកម្លាំងរបស់យើងឈានដល់ធ្វើការទប់ស្កាត់បាន ដោយមិនបណ្ដាឲ្យឆេះរាលដាលបន្តទៀតនោះ។
ឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា យ៉ាងណាមិញ ក្នុងនាមខ្ញុំផ្ទាល់ ក៏សូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ និងសហការយ៉ាងល្អជាមួយសមត្ថកិច្ចរបស់យើងខ្ញុំ និងក៏សូមថ្លែងការកោតសរសើរចំពោះកងកម្លាំងជំនាញថ្នាក់ បូករួមនិងថ្នាក់អធិការដ្ឋានស្រុក ដែលបានចេញប្រតិបត្តិការបានឆាប់រហ័ស និងទាន់ពេលវេលា ក្នុងកិច្ចការជួយសង្គ្រោះ ករណីអគ្គិភ័យមួយនេះ ក៏ដូចនាពេលកន្លងមក និងសូមជូនពរ ដល់កងកម្លាំងទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អ ឈ្នះអស់រោគា កាចចង្រៃទាំងពួង ផងចុះ៕