ក្រុមគ្រូពេទ្យ មន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងប្រយុទ្ធនឹងវីរុសកូវីដ១៩
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសារអរគុណ ជូនដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំងអស់ ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរពេទ្យជាតិទាំងអស់ ជាពិសេសដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស ដែលជាអ្នកប្រយុទ្ធជួរមុខទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា មានឆន្ទ:មុះមុតបំពេញភារកិច្ច ការពារការរីករាលដាល និង ថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា យ៉ាងមានប្រសិទ្ធភាពខ្ពស់។
សាររបស់ឯកឧត្តមសាស្ត្រាចារ្យ ដែលបានផ្សព្វផ្សាយលើផេកហ្វេសប៊ុក ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២៩ ខែមីនានេះ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតារបស់សម្តេចតេជោ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សិល្បករ សិល្បការិនី អ្នកសារព័ត៌មាន និងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែលបានរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការប្រតិបត្តិ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមក្រុមគ្រូពេទ្យ មន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តតាមគោលនយោបាយ និងការណែនាំប្រតិបត្តិរបស់រាជរដ្ឋាភិបាល។ សូមជូនពរ សុខភាពល្អ និង ជ័យជំនះ លើការប្រយុទ្ធនឹងការរីករាលដាលនៃវីរុស COVID 19 នៅកម្ពុជា៕