ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម័យកូវីដ១៩ ៖ សិស្ស តាមដានទស្សនាកម្មវិធីផ្សាយការបង្រៀនមេរៀន ថ្នាក់ទី១-១២ និងកម្មវិធីអប់រំកុមារតូច តាមរយៈទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 រៀងរាល់ថ្ងៃ

98

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០នេះ បានចេញប្រកាសព័ត៌មានថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន ដើម្បីដាក់ឲ្យដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំងនិងផ្សព្វផ្សាយវីដេអូបង្រៀន ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

សិស្សានុសិស្ស​អាច​ទស្សនា​វីដេអូ​បង្រៀន​តាម​រយៈ៖
១. ទូរទស្សន៍​ជាតិ​កម្ពុជា​ទី​២ ឬ TVK2 ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ទើប​បង្កើត​ថ្មី សម្រាប់​ការ​អប់រំ
២. ការ​បញ្ជូន​បន្ត​ដោយ​ថាស​ផ្កាយ​រណបតេជោ TV ឬ Dtv ប៉ុស្តិ៍​លេខ​២២ ទៅ​កាន់​តំបន់​ជនបទ
៣. ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែកាប​ថ្មី ដែល​ទើប​បង្កើត​នៅ​គ្រប់​ខេត្ត-រាជធានី និង​តំបន់​ទី​ប្រជុំជន
៤. គេហទំព័រ​មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​របស់​ក្រសួង​អប់រំ ​ដែល​មាន​តំណ​ភ្ជាប់៖ https://elearning.moeys.gov.kh/
៥. ការ​ប្រើ Smartphone ដើម្បី​ប្រើប្រាស់ App របស់​ក្រសួង​ព័ត៌មាន

កម្មវិធី​​សិក្សា​នេះ​នឹង​ចាប់​ផ្ដើម​​ពី​ម៉ោង​៨​ព្រឹក​តទៅ​ និង​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​​​២៤ម៉ោង ជា​រៀងរាល់​ថ្ងៃ ​សម្រាប់​សិស្ស​​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ និង​កម្មវិធី​អប់រំ​កុមារ​តូច ដោយ​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។ សូម​ជម្រាប​ថា កម្មវិធី​សិក្សា​នេះ​ត្រូវ​បាន​ដំណើរ​ការ​ ខណៈ​ដែល​ការ​សិក្សា​​​នៅ​កម្ពុជា​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ដោយសារ​ជំងឺ​កូវីដ-១៩។ តែ​​ទោះបី​សាលា​រៀន​បើក​ដំណើរ​ការ​ឡើងវិញ​ក្ដី ក៏​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ ក៏​នៅ​តែ​បន្ត​ចាក់​ផ្សាយ​កម្មវិធី​អប់រំ​ជា​ច្រើន​ទៀត​​ដដែល។

មុន​ដំណើរ​ការ​កម្មវិធី​ចាក់​ផ្សាយ​​នា​ថ្ងៃ​នេះ ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង​បាន​រៀប​ចំ​​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​​​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ចំណុច​ផ្សេងៗ ព្រមទាំង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​បន្ទប់​ស្ទូឌីយោ​​នៃ​ទូរទស្សន៍​តេជោឌីធីវី ដើម្បី​ធានា​បាន​ថា​ការ​ចាក់​ផ្សាយ​នា​ថ្ងៃ​ស្អែក​នេះ​ដំណើរ​ទៅ​ដោយ​ភាព​រលូន បម្រើ​ដល់​តម្រូវ​ការ​របស់​សិស្សានុសិស្ស។​​​

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងថា សូមប្អូនៗក្មួយៗអ្នកសិក្សាទាំងអស់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ តាមដានទស្សនាកម្មវិធីផ្សាយពីការបង្រៀនមេរៀនថ្នាក់ទី១-១២ និងកម្មវិធីអប់រំកុមារតូច តាមរយៈទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្ថិ៍ទូរទស្សន៍ ទើបបង្កើតថ្មី សម្រាប់ការអប់រំ និងផ្កាយរណប តេជោឌីធីវី ប៉ុស្ថិ៍លេខ២២ និងប៉ុស្ថិ៍ខ្សែកាបផ្សេងទៀត នៅតាមបណ្តារាជធានី/ខេត្ត ចាប់ពីថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះ តទៅ ។ កម្មវិធីនេះចាប់ផ្តើមចាក់ផ្សាយពីម៉ោង ៨:០០ព្រឹក តទៅ និងចាក់ផ្សាយឡើងវិញ ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីអប់រំកុមារតូច ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនាដោយឥតគិតថ្លៃ។

សូមជម្រាបថា កម្មវិធីសិក្សានេះត្រូវបានដំណើរការ ខណៈដែលការសិក្សានៅកម្ពុជា ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារជំងឺកូវីដ-១៩ ៕

ខាងក្រោមនេះជា កម្មវិធីចាក់ផ្សាយវីដេអូមេរៀន ថ្នាក់ទី១ ដល់ទី៦ និងថ្នាក់ទី៩ ដល់ទី១២ សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០៖

អត្ថបទដែលជាប់ទាក់ទង