ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ត្រៀម​ផ្តល់​ការអន្តរាគមន៍​បន្ទាន់​ដល់​ប្រជាជន

70

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ស្នើ​ឲ្យ​ត្រៀម​ផ្តល់​ការអន្តរាគមន៍​បន្ទាន់​ដល់​ប្រជាជន ពិសេស​ប្រជាជន​ក្រីក្រ ដើម្បី​មាន​មូលដ្ឋាន​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ សំដៅ​ធានា​ដល់​ការអនុវត្ត​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា និង​ប្រកបដោយ​ប្រសិទ្ធភាព លើ​ការផ្តល់សេវា​សង្គមកិច្ច ដល់​ក្រុម​គោលដៅ ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​

 

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ផ្ទៃក្នុង​របស់​ក្រសួង ស​.​អ​.​យ​. ក្នុងការ​ផ្តល់​ការអន្តរាគមន៍​កន្លង​មក​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩ និង​ការធ្វើផែនការ​ត្រៀម​បន្ត ក្នុងការ​ផ្តល់​ការអន្តរាគមន៍​បន្តទៀត ស្របតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រសួង ព្រមទាំង​មានការ​ចូលរួម​តាមរយៈ​ប្រព័ន្ធ online ជាមួយ​ដៃគូ​អភិវឌ្ឍ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី ខេត្ត​ទាំង ២៥​។​

 

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្ដួចផ្ដើម​លើក​ជា​គំនិត និង​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ ក្នុងការ​ត្រៀមលក្ខណៈ​ជាមុន លើ​ការផ្ដល់​អន្តរាគមន៍​ជំនួយ​សង្គម ដល់​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក និង​ងាយ​រងគ្រោះ ឲ្យ​ស្របតាម​គោលការណ៍ និង​យន្តការ​របស់​រាជរដ្ឋាភិបាល ដែល​ទើប​បង្កើត​នាពេល​ថ្មីៗ​កន្លងទៅ​មកនេះ​។ ទិសដៅ​សំខាន់បំផុត គឺ​ត្រូវតែ​ខិតខំ​ធានា​ដល់​ការផ្តល់សេវា​សង្គមកិច្ច ឲ្យ​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​បាន​ទាន់ពេលវេលា ។​

 

​ជាមួយគ្នានេះដែរ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន និង​ជំនួយ​សង្គម ដែលមាន ឯកឧត្តម វ​ង្ស៊ី វិស្សុត រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន ដើម្បី​ពិនិត្យ និង​រៀបចំ​គោលនយោបាយ​ថវិកា​ហិរញ្ញប្បទាន និង​ជំនួយ​សង្គម ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ នៅក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

 

​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ក្នុង​អង្គប្រជុំ​ថា កិច្ចប្រជុំ​នាពេលនេះ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ក្នុងការ​វាយតម្លៃ​ទិដ្ឋភាព​ជារួម របស់​ប្រជាជន ក្នុង​ការផ្តល់​អន្តរាគ​មន៍​កន្លងមក និង​ដំណាក់កាល​នៃ​ការត្រៀម​លក្ខណៈ​បន្ត របស់​រាជរដ្ឋាភិបាល​បន្តទៀត ក្នុងការ​ផ្តល់​ការអន្តរាគមន៍​បន្ទាន់​ដល់​ប្រជាជន ពិសេស​ប្រជាជន​ក្រីក្រ ដើម្បី​មាន​មូលដ្ឋាន​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ សំដៅ​ធានា​ដល់​ការអនុវត្ត​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា និង​ប្រកបដោយ​ប្រសិទ្ធភាព លើ​ការផ្តល់សេវា​សង្គមកិច្ច ដល់​ក្រុម​គោលដៅ ។​

 

​ដូច្នេះហើយ យើង​ជា​សេនាធិការ របស់​រាជរដ្ឋាភិបាល ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុន ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ផងដែរ ដល់​អង្គភាព​ជំនាញ​ទាំងអស់ របស់​ក្រសួង និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី ខេត្ត​ទាំង​២៥ ត្រូវ​បន្តធ្វើ​សកម្មភាព​របស់ខ្លួន ឲ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ដើម្បី​តាមដាន​នូវ​ការប្រែប្រួល របស់​ប្រជាជន នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ធ្វើ​ផែនការ​ក្នុងការ​ឆ្លើយតប និង​ផ្តល់​ការអន្តរាគមន៍​ទាន់ពេលវេលា ក្នុង​ការផ្តល់សេវា​សង្គម​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង