ក្រុមការងារបាញ់ថ្នាំ សម្លាប់មេរោគ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះមកបាញ់ថ្នាំនៅផ្សារបឹងកេងកង
ភ្នំពេញ៖លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងនៅព្រឹកថ្ងៃទី២២ខែមេសានេះថាដោយកាលពីរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២០នេះដោយមានការគិតគូរខ្ពស់និងក្នុងន័យគិតគូរពីបញ្ហាសុខភាពបងប្អូនប្រជាជនទូទៅក៏ដូចបងប្អូនដែលជាអាជីវករលក់ដូរអីវ៉ាន់នៅក្នុងផ្សារបឹងកេងកង ហើយ
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ,លោកស្រីអភិបាលរង ខណ្ឌបឹងកេងកងសុិន រតនា,លោកឯក និមលប្រធានផ្សារបឹងកេងកង ដោយបានសហការគ្នាជាមួយខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះមកបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារបឹងកេងកង ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញចាប់តាំងពីពេលរសៀលរហូតដល់ក្បាលព្រលប់នាថ្ងៃខែដដែលទើបបាញ់ថ្នាំសម្លាប់មេរោគហើយរួចរាល់។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថាខណៈនោះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយសូមធ្វើការក្រើនរំលឹកជាថ្មីទៅដល់បងប្អូនប្រជាជននិងបងប្អូនអាជីវករផ្សារបឹងកេងកងទាំងអស់ព្រមទាំងអតិថិជនផ្សារបឹងកេងកងផងដែរ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងត្រូវការពារខ្លួនអោយបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីគ្រួសារ និងសង្គមជាតិយើងទាំងមូលជៀសផុតពីជម្ងឺកូវីដ ១៩ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរលោកឯក និមល ក្នុងនាមប្រធានផ្សារបឹងកេងកងនិងបងប្អូនអាជីវករផ្សារបឹងកេងកងទាំងអស់ដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង និង លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដែលជានិច្ចកាលតែងតែមានការគិតគូពីបញ្ហាសុខទុក្ខបងប្អូនអាជីវករផ្សារនិងបងប្អូនប្រជាជនព្រមទាំងអតិថិជនផ្សារបឹងកេងកងពេលពួកគាត់ចេញ ចូលមកកាន់ទីផ្សារបឹងកេងកងដើម្បីរកទិញអីវ៉ាន់ហើយដោយមានការណែនាំនិងជំរុញអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារក្នុងរាជធានីភ្នំពេញផងដែរ៕