ត្រៀមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី១ ឧសភានៅទូទាំងប្រទេស ដាក់កម្លាំងនគរបាលចំនួនជិត៤ពាន់នាក់ និង៥៦៨គោលដៅ
ភ្នំពេញ៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ សេចក្តីជូនដំណឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ។ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន បញ្ជាក់ថា កម្លាំងននគរបាល ត្រៀមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតទៅ នៅទូទាំងប្រទេស ចំនួនជិត៤ពាន់នាក់ និង៥៦៨គោលដៅ ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវ គោក ដើម្បីការពារ អាយុជីវិត និងទ្រព្យសម្បត្តិខ្លួន ឯងផ្ទាល់ និងអ្នកដទៃ ដោយស្មារតីទទួល ខុសត្រូវ។
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ និងអនុវត្តតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេសឲ្យបានជ្រាប ដូច ខាងក្រោម ៖
១-កម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេស នឹងធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកដោយចាប់ផ្តើមអនុវត្តអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ។
២-កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំប្រទេស នឹងអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងអនុវក្រឹត្យខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំង ឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់។
៣-អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវ និងសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារ អាយុជីវិត និងទ្រព្យសម្បត្តិខ្លួនឯងផ្ទាល់ និងអ្នកដ៏ទៃ ដោយស្មារតីទទួល ខុសត្រូវខ្ពស់។
យោងតាមផែនការណ៍ដែល នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ផ្ញើជូន សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីធានាប្រសិទ្ធភាព និងនិរន្ដរភាព ក្នុងការរឹតបន្ដឹង អនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ឧសភា តទៅ អគ្នស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំធ្វើការ ត្រៀមលក្ខណៈ ដូចខាងក្រោម ៖
១-សហការជាមួយ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាក់តែងរួចជាស្ថាពរនូវប្រកា សអន្ដរក្រសួងចំនួនពីរ ស្ដីពី ការពិន័យ និងការបែងចែកប្រាក់រង្វាន់ ពីការពិន័យបទល្មើស ចរាចរណ៍ផ្លូវគោក និងបានទទួលបង្កាន់ដៃ បង់ប្រាក់ពិន័យ ចំនួន២៥.០០០ក្បាល ធ្វើការបែងចែក ដល់គ្រប់អង្គភាព នគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសរួចរាល់ ផងដែរ។
២-គ្រប់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត និងនាយកដ្ឋានជំនាញ បានកសាងផែនការ សកម្មភាពស្ដីពីការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ រួចរាល់ ដោយ បានកំណត់ ដូចជា ៖ គោលដៅត្រួយពិនិត្យរឹតបន្ដឹងច្បាប់ សរុបចំនួន៥៦៨គោលដៅ ,ប្រើ ប្រាស់កម្លាំងសរុប ចំនួន ៣.៩១៩នាក់ ក្នុងនោះ កម្លាំងនគរបាលចរាចរណ៍ ចំនួន៣.៥០៧ នាក់ និងកម្លាំងសហការ ចំនួន៤១២នាក់ ,ប្រើប្រាស់មធ្យោបាយ ចំនួន៣៦៤គ្រឿង (រថយន្ដ៦៦គ្រឿង និងម៉ូតូ២៩៨គ្រឿង) , បានត្រៀមរួចជាស្រេចរៀបចំ ទីតាំងរក្សាទុកយាយ យន្ដល្មើសដែលត្រូវឃាត់ទុក និងកែតម្រូវ។
៣-បានបើកវគ្គបណ្ដុះបណ្ដាល បង្កើនសមត្ថភាពជំនាញត្រួតពិនិត្យ និងអន្ដរាគមន៍ សីលធម៌ វិន័យ និងផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៦ អន ក្រ.បក. ដល់មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសសរុបចំនួន ៣.៩៧៨នាក់។
៤-បានជំរុញការផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ អនក្រ.បក.សេចក្ដីជូនដំណឹងស្ដីពី ការរឹតបន្ដឹង អនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ និងចម្រៀងសុវត្ថិភាពចរាច ណ៍ តាមបណ្ដាញផ្សព្វផ្សាយ ហេសប៊ុក ទូរទស្សន៍ វិទ្យុ ដងផ្លូវ ទីប្រជុំជន និងតាមកម្មវិធីនានា ។
៥-បានត្រៀមមន្ដ្រីគ្រប់អង្គភាពតាមដាន បំភ្លឺ និងឆ្លើយតបនឹងចម្ងល់ ឬប្រតិកម្មនានា របស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធ ដល់ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក៕