កិច្ចប្រជុំលើកទី២០ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២០ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA),អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនិងធុរកិច្ចនៅកម្ពុជា សរុបប្រមាណ ១៥០រូប។
កិច្ចប្រជុំទ្វេភាគីនេះជាកិច្ចប្រជុំ លើកទី២០ ដែលត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិង ជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលបានចុះហត្ថលេខា ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកយុត្ដម ស៊ីនហ្សូ អាប (Shinzo Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ដោយ កិច្ចប្រជុំទ្វេភាគីលើកទី១ បានរៀបចំឡើង នាឆ្នាំ២០០៩។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃយន្តការថែទាំអ្នក វិនិយោគដែលបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុនលើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម និងសំណូមពរជូន តំណាង រាជរដ្ឋាភិបាលពិនិត្យ និងរកដំណោះស្រាយ ក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាស វិនិយោគ និងធុរកិច្ចនៅកម្ពុជា។
កិច្ចប្រជុំលើកទី២០នេះ បានផ្តោតការពិភាក្សាលើចំណុចអាទិភាពមួយចំនួន រួមមាន៖ (១) តម្លៃអគ្គិសនី (២) កាតព្វកិច្ចសារពើពន្ធ (៣) បទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូលរថយន្ត (៤) វឌ្ឍនភាពនៃការ ត្រៀមបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៅក្រុងប៉ោយប៉ែត និង (៥) ការសម្រួលនីតិវិធីបញ្ចេញទំនិញ ពីគយ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការសោកស្តាយចំពោះការប្រកាសលា លែងពីតំណែងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អារប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅដោយបញ្ហាសុខភាព តែឯកឧត្តមបានសម្តែងនូវសុទិដ្ឋិនិយមថានាយករដ្ឋមន្ត្រីថ្មីនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និងជប៉ុន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រឱ្យបានល្អប្រសើរមួយ កម្រិតថែមទៀត។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកវិនិយោគជប៉ុនដែលតែងតែជឿ ជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។
បន្ថែមលើនេះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ របស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការ វិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូល រួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះផងដែរ តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ឯកឧត្តម ក៏បានថ្លែង អំណរគុណ ដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលកន្លងមកបានផ្តល់ការឧបត្ថម្ភសម្ភារបរិក្ខារវេជ្ជសាស្ត្រ ដល់កម្ពុជាសម្រាប់ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលនៃជំងឺ កូវីដ -១៩ ។ ដោយឡែក ឯកឧត្តមបាន សម្តែងនូវក្តីសង្ឃឹម ថាក្រុមហ៊ុនអាកាសចរណ៍ ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និង កម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ពីរមានការកើនឡើង។
ជាការឆ្លើយតប ឯកឧត្តម ម៉ាសាហ៊ីរ៉ូ ឌីខាបី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមក បានខិតខំប្រឹងប្រែងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្តី កង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំនិងផ្តល់ភាពកក់ក្តៅ ដល់អ្នកវិនិយោគគ្រប់រូប។
ទន្ទឹមនឹងនេះ ឯកឧត្តម មានជំនឿមុតមាំថា ក្រសួង ស្ថាប័ននៃប្រទេសទាំងពីរនឹងសម្រេច បាននូវការឯកភាពគ្នាមួយនាពេលឆាប់ៗនេះ ក្នុងការសម្រួលការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា-ជប៉ុន ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ ស្របតាមស្មារតីនៃកិច្ចពិភាក្សារវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសី (Motegi Toshimitsu) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។ ក្នុងនាម ប្រមុខការទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តមក៏បានប្តេជ្ញាផ្តល់កិច្ចគាំទ្រក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរឡើងវិញ។
នៅទីបញ្ចប់នៃកិច្ចប្រជុំភាគីទាំងពីរបានប្តេជ្ញាថា នឹងបន្តសហការគ្នាខិតខំដោះស្រាយចំពោះរាល់ បញ្ហាដែលនៅមានសេសសល់ ជំរុញការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលា សម្រួលបែប
បទនីតិវិធីឱ្យកាន់តែសាមញ្ញនិងឆាប់រហ័ស ដើម្បីឱ្យគម្រោងវិនិយោគដែលកំពុងដំណើរការមានសកម្មភាព កាន់តែល្អប្រសើរ ធានាបានការប្រកួតប្រជែងនិងភាពឈ្នះឈ្នះ ដែលនេះជាការចូលរួមជួយទ្រទ្រង់កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព ។
គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែ កក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួល ស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៨ប៊ីលានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក៕