ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ បានចែកជូនពលរដ្ឋ និងកងកម្លាំងបាន ប្រមាណ២លានម៉ាសហើយ

147

ភ្នំពេញ៖ ម៉ាសដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៣លានម៉ាស គិតមកដល់ពេលនេះ អាជ្ញាធរបានចាត់ចែង ជូនទៅថ្នាក់មូលដ្ឋាន ចែកជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមអស់ប្រមាណ២លានម៉ាសហើយ ចំនួនដែលនៅសេសសល់អាជ្ញាធរនឹងបន្តសកម្មភាពចែកបន្ថែមទៀត។

   អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានឱ្យដឹងថា អាជ្ញាធរបាននឹងកំពុងចាត់ចែងផ្ដល់ម៉ាសជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ បើគិតមកដល់ពេលនេះ ម៉ាសប្រមាណ២លានម៉ាសហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់ឱ្យទៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កងកម្លាំងប្រដាប់អាវុធ ផ្សាររដ្ឋចំនួន២៥ផ្សារ ប្រជាសហគមនិងប្រជាពលរដ្ឋទូទៅ រួមទាំងអ្នកដំណើរផងដែរ។

   អ្នកនាំពាក្យដដែលបានបន្ថែមថា សម្រាប់ម៉ាសដែលនៅសល់ប្រមាណ១លានម៉ាសនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តផ្ដល់ទៅខណ្ឌទាំង១៤ និងកងកម្លាំងបន្ថែមទៀត ដើម្បីយកទៅចែកជូនដល់ពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាតាមសហគម និងអ្នកដំណើរបន្តទៀត ដូចដែលបានធ្វើសកម្មភាពចែកកន្លងមកនោះ។

  ខណៈដែលព្រឹត្តិការណ៍សហគម២៨វិច្ឆិកានៅមិនទាន់បិទបញ្ចប់នេះដែរ អ្វីដែលអាជ្ញាធរត្រូវបន្ត និងបន្ថែមកិច្ចការលើការទប់ស្កាត់ជំងឺកូវីដ១៩នេះ បើតាម លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់ថា អាជ្ញាធរ និងខាងសុខាភិបាលនៅតែធ្វើការរួមគ្នាបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍នេះអស់អ្នកពាក់ព័ន្ធហើយ។ មួយទៀតអាជ្ញាធរបានបន្តកិច្ចការលើការហ៊ុំព័ន្ធទីតាំងដែលផ្ទុះជំងឺនេះ និងការពារបរិវេណទាំងនោះហើយការងារមួយទៀត គឺអាជ្ញាធរបន្តចុះតាមដានស្រាវជ្រាវ និងអប់រំផ្សព្វផ្សាយតាមហាង អាហារដ្ឋាននានា និងទីតាំងអាជីវកម្មជាដើម ឱ្យបន្តអនុវត្តតាមវិធានសុខាភិបាល និងការជូនដំណឹងនានារបស់រដ្ឋបាលរាជធានីភ្នំពេញប្រសិនមិនអនុវត្តតាមទេ អាជ្ញាធរនឹងផ្អាកអាជីវកម្មទាំងនោះ។

   អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ឥឡូវនេះអាជ្ញាធរ និងក្រសួងសុខាភិបាលក៏កំពុងបន្តរួមគ្នាទៀត លើកិច្ចការកសាងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ អាគារធ្វើចត្តាឡីស័ក និងទីតាំងយកសំណាកជាដើម ដើម្បីឆ្លើយតបគ្រប់សភាពការណ៍ចាំបាច់ណាមួយ ប៉ុន្តែកិច្ចការបន្តទប់ស្កាត់មិនឱ្យរីករាលដាលជាមុខព្រួញចំបងដដែល។

   សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកន្លងមកនេះ បានទទួលម៉ាសចំនួន៣លានម៉ាសពីរាជរដ្ឋាភិបាល ដើម្បីយកមកចែកជូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ ១៩ តាមសហគម ដែលម៉ាសទាំង៣លានម៉ាសនោះ មានម៉ាសក្រណាត់ចំនួន២លានម៉ាស ជាម៉ាសដែលអាចបោកគក់បាន ហើយអាចប្រើបានរយៈពេលពី២ទៅ៣ខែ ប្រសិនអ្នកប្រើប្រាស់ចេះថែទាំ និងម៉ាស១លានម៉ាសទៀត ជាប្រភេទម៉ាសពេទ្យ៕

 

 

អត្ថបទដែលជាប់ទាក់ទង