កាកបាទក្រហមកម្ពុជា ទទួលជំនួយសប្បុរសធម៌ ជាទឹកប្រាក់ ប្រមាណ៨៤,០០០ដុល្លារ ជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង Korea Deposit Insurance Corperation
កូរ៉េ ៖ លោក ឡុង ឌីម៉ង់ អគ្គរាជទូតទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជាបានទទួលជំនួយសប្បុរសធម៌ ជាទឹកប្រាក់ចំនួន ៩៣,៣៦០,០០០វ៉ុន ស្មើប្រមាណ៨៤,០០០ដុល្លារ ដែលជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង Korea Deposit Insurance Corperation ក្នុងចំណោមជំនួយ ១២៣,៣៦០,០០០វ៉ុន ប្រមាណ១១២,០០០ដុល្លារ។
មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានអោយដឹងថា ស្ថានទូតកម្ពុជាមានកិត្តិយសបានតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី–ហ៊ុន សែន ក្នុងការទទួលជំនួយសប្បុរសធម៌ចំនួន 93,360,000 វ៉ុន (ស្មើនឹងប្រមាណជាង 84,872 $ ) ដែលជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង Korea Deposit Insurance Corperation
ក្នុងចំណោមជំនួយសរុប 123, 360,000 វ៉ុន ( ប្រមាណ 112,000 $) ដែលក្នុងនោះ Woori Finance group នឹងផ្តល់ជំនួយ 25,000, 000 វ៉ុន ( ស្មើនឹង 22,727$) និង Busan International Finance ចំនួន 5,000,000 វ៉ុន ( ស្មើនឹង4545 $) តាមរយ:កាកបាទក្រហមកូរ៉េនៅក្នុងពេលឆាប់ៗខាងមុខ។
កាកបាទក្រហមកូរ៉េនឹងបែងចែកជំនួយដល់កម្ពុជាដូចខាងក្រោម៖
១–ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោង WASH Facilities និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។
២–ថវិកាជួយដល់សហគមន៍ខ្មែររៀបការស្វាមី–ភរិយាកូរ៉េ ប្រមាណ 70 គ្រួសារ។
មន្ត្រីដដែលបានអោយដឹងថា កាកបាទក្រហមកូរ៉េក៏បានសំដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមកជាមួយកាកបាទក្រហមកម្ពុជា ជាពិសេសភាពរីកចម្រើនរបស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។
ជាមួយគ្នានេះភាគីកូរ៉េក៏បានស្នើសុំអោយកម្ពុជានៅតែបន្តកិច្ចសហការ និងពង្រឹងកិច្ចសហការឡើងវិញបន្ទាប់ពីស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ។
សូមជម្រាបជូនថា ក្រុមការងារកម្រិតជំនាញរបស់កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកូរ៉េ នឹងជួបពិភាក្សាការងារគ្នា តាមពេលវេលាសមស្រប ដើម្បីផ្លាស់ប្តូរយោបល់ និងធ្វើបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ទាំងវិស័យមនុស្សធម៌ និងវិស័យជាអាទិភាពផ្សេងទៀត ដែលកូរ៉េ មានសក្តានុពលក្នុងការផ្តល់ជូនកម្ពុជា ក្នុងនោះមានវិស័យសុខាភិបាលជាដើម៕