ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ប្រាក់ ចន្ទ​សុខា នាំ​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​អ្នកជំងឺ​ជំងឺ​រាំ​រ៉ៃ ចំនួន ២​គ្រួសារ រស់នៅ​ភូមិ​១

135

 

​ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃ អង្គារ ៨​កើត ខែបុស្ស ឆ្នាំជូត ទោស​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ បាន​ចាត់​ឲ្យ​លោកជំទាវ ប្រាក់ ចន្ទ​សុខា ហិ​រ​ញ្ញិ​ក​គណកម្មាធិការ​សាខា មន្ត្រី​សាខា អនុសាខា​នាំ​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​អ្នកជំងឺ​ជំងឺ​រាំ​រ៉ៃ ចំនួន ២​គ្រួសារ រស់នៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដី​នឹករលឹក អាណិតអាសូរ​ក្រៃលែង​ពី​សំណាក់ ឯកឧត្តម ប្រធាន​គណៈ​ក​ម្មា​ធិ​សាខា ឯកឧត្តម ប្រធានកិត្តិយស​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាស​ន៏ ពណ៍​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​ជាមួយគ្នា​នោះ លោកជំទាវ សុំ​ឲ្យ​ក្រុមគ្រួសារ​ចូលរួម​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ លើកកម្ពស់​ការផ្លាស់ប្តូ​ទម្លាប់​អនាម័យ​ពី​អវិជ្ជមាន ទៅ​វិជ្ជមាន ត្រូវ​បន្ត​ជានិច្ច​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល​ហ្សែ​ល ហើយ​ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សម្ភារ​ដែល​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារ​មាន ៖ អង្ករ​៣០ គីឡូក្រាម ឃី​ត ១(​មុង​១ ភួយ​១ សារុង​១ ក្រ​ម៉ា​១) កន្ទេល​១ មី ១​កេះ ត្រីខ ១០​កំប៉ុង ទឹក​ស៊ុ​ទ្ធ ១​កេះ អាវ​ចំនួន ៥ ខោខ្លី ១ សាប៊ូ ២​ដប ស្បែកជើង ១​គូរ ប៊ីចេង ១​កញ្ចប់​/១​គីឡូ ប្រេងឆា ១​ដប​/១​លីត្រ ច្រាស​ដុសធ្មេញ ១​ដើម ថ្នាំដុសធ្មេញ ១​ដប និង​ថវិកា ១០​ម៉ឺន​រៀល ៕​

អត្ថបទដែលជាប់ទាក់ទង