សមត្ថកិច្ចចុះបង្ក្រាបទីតាំងជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យ ចំនួន ១១នាក់
ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក ដឹកនាំដោយ លោក ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានចុះបង្ក្រាបទីតាំងជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅចំណុចរោងកម្មករសំណង់ ស្ថិតនៅលើផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ១១នាក់ (ស្រី ០១នាក់) និងវត្ថុតាងម្សៅក្រាមសថ្លា ចំនួន ៥៣កញ្ចប់ សង្ស័យគ្រឿងញៀន។
សមត្ថកិច្ចបន្តថា៖បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីអនុវត្តនីតិវិធីបន្ត៕