អគ្គស្នងការ ប្រកាសបង្កើនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិចេញ ប្រកាសបង្កើនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ ដោយតម្រូវឲ្យនាយកដ្ឋានជំនាញ និងស្នងការនគរបាលរាជធានី-ខេត្ត ចាត់អនុវត្តឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃទី១៥ ខែមីនានេះតទៅ។
បើតាមសេចក្តីណែនាំ ការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩ អនក្រ.បក នាឆ្នាំ ២០២០ កន្លងទៅ បានទទួលលទ្ធផលល្អប្រសើរជាវិជ្ជមាន ដោយបានកាត់បន្ថយចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ ។ ប៉ុន្តែ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែ ជាបញ្ហាប្រឈម យូរអង្វែង កំពុងបង្កហានិភ័យជារៀងរាល់ថ្ងៃដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង ។
ដើម្បីសម្រេចឱ្យបានតាមផែនការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ សំដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិឱ្យបានជាអតិបរមា អគ្គស្នងការដ្ឋាននគរបាលជាតិសូមធ្វើការណែនាំដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដូចខាងក្រោមៈ
១.ត្រូវផ្អែកលើបទពិសោធន៍ល្អដែលសម្រេចបានក្នុងឆ្នាំ២០២០ នៅតាមភូមិសាស្ត្ររាជធានី ខេត្តនីមួយៗ ដោយធ្វើការកំណត់ឱ្យបានច្បាស់អំពីគោលដៅ មុខសញ្ញា មូលហេតុ និងពេលវេលាបង្កគ្រោះថ្នាក់ ឬ ការប្រព្រឹត្តអំពើល្មើសច្បាប់ ដើម្បីពង្រឹងវិធានការក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមស្មារតី អនុក្រឹត្យលេខ ៣៩ អនក្រ.បក ។
២.ត្រូវបន្តធ្វើការត្រួតពិនិត្យរឹតបន្ដឹងប្រភេទបទល្មើសចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន ០៧ និងប្រភេទបទល្មើសចំពោះរថយន្តគ្រប់ប្រភេទចំនួន ០៩ដូចបានណែនាំអនុវត្តកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។ ដោយឡែក ចំពោះរថយន្តគ្រប់ប្រភេទ ដែលបានឃាត់ត្រួតពិនិត្យក្នុងករណីប្រព្រឹត្តល្មើស ណាមួយក្នុងចំណោម ០៩ បទល្មើសត្រូវធ្វើការត្រួតពិនិត្យ និងចាត់ការបន្ថែមតាមអនុក្រឹត្យលេខ ៣៩ អនក្រ. បក តាមការ ស្នើសដូចខាងក្រោមៈ
-បើកបរយានយន្តដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) ឬប្រើវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព (មាត្រា៧ថ្មី ចំណុចទី៤ ក។ -បើកបរយានយន្តផ្ទាល់ខ្លួន ឬនីតិបុគ្គល មិនបានស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប្រើលិខិត អនុញ្ញាតធ្វើអាជីវកម្មហួសសុពលភាព័ (មាត្រា៧ថ្មី ចំណុចទី៣ “ គ ” និងមាត្រា១១)
-បើកបរយានយន្តធុនធ្ងន់ យានយន្តុបករណ៍ យានយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក បិទស្លាកសញ្ញា ចាំងពន្លឺខុសបទដ្ឋានកំណត់ ឬមិនមានបិទស្លាកសញ្ញាចាំងពន្លឺ (មាត្រា៧ថ្មី ចំណុចទី១ “ ច )
៣.ត្រូវបង្កើនថែមទៀតក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើររថយន្តដឹកដី ថ្ម ខ្សាច់ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីធានាថា អ្នកបើកបរគ្រប់រូបមានបណ្ណបើកបរ ត្រឹមត្រូវរថយន្តមានឯកសារអនុញ្ញាតតាមច្បាប់គ្រប់គ្រាន់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងការផ្ទុក ឬដឹកជញ្ជូនធានាសុវត្ថិភាពតាមច្បាប់កំណត់ ។
៤.ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដោយត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ ជាដាច់ខាត។ ទន្ទឹមនេះ ត្រូវបញ្ចូលទិន្និន័យជន បង្កគ្រោះថ្នាក់ទាំងនេះ ក្នុងប្រព័ន្ធគ្រប់គ្រងតាមបែបបច្ចេកវិទ្យាទំនើប និងផ្សព្វផ្សាយដល់ស្ថាប័នំរដ្ឋ និងឯកជន ដែលពាក់ព័ន្ធ។
៥.ត្រូវបង្កើនការអប់រំជាប្រចាំដល់មន្ត្រីនគរបាលក្រោមឱវាទ បំពាក់ជាប់នូវជំហរស្មោះត្រង់ ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ក្នុងការបំពេញភារកិច្ច។ ជាមួយនេះ ត្រូវតាមដានជាប្រចាំនូវប្រតិកម្មសាធារណមតិក្នុងបណ្តាញសង្គម ដើម្បីបំភ្លឺ ដោះស្រាយសំណូមពរ ឆ្លើយតបចំពោះព័ត៌មានមិនពិត និងចាត់តាំងធ្វើការត្រួតពិនិត្យជាប្រចាំ សំដៅទប់ស្កាត់ទាន់ពេលនូវបាតុភាពអសកម្ម៕