ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យអភិបាលខេត្តទូទាំងប្រទេស ផ្តល់ការគាំទ្រសហការជុំវិញការអនុវត្តការផាកពិន័យអន្តរការណ៍លើអ្នកមិនពាក់ម៉ាស

47

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈលិខិតចុះថ្ងៃទី២៧ ខែមីនានេះ បានណែនាំឱ្យអភិបាលរាជធានីខេត្តទូទាំងប្រទេសត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្រ្តីសុខាភិបាលក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ការណែនាំនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញប្រកាសអន្តរក្រសួងស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ។

បន្ថែមពីលើប្រកាសអន្តរក្រសួងនេះ ក្រសួងសុខាភិបាលបានចេញនូវប្រកាសរបស់ក្រសួងមួយទៀតចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សម្តេចក្រឡាហោម បានបញ្ជាក់នៅក្នុងលិខិតនេះថា ក្នុងការចាត់ចែងអនុវត្តការងារជាក់ស្តែង ប្រសិនបើមានការជួបការលំបាក ឬបញ្ហាប្រឈមណាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាល និងចម្លងជូនក្រសួងមហាផ្ទៃ ជាបន្ទាន់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង