អង្គការ WCS និងរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែប ចំនួន ១៤៨ក្បាលចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គ
ភ្នំពេញ ៖ នាពេលថ្មីៗកន្លងទៅនេះ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល បានលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក ចំនួន ១៤៨ក្បាលដែលមានអាយុចន្លោះពី ១សប្តាហ៍ទៅ ៣សប្តាហ៍ ចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
នៅក្នុងរដូវពងកូនឆ្នាំ ២០២១ ដែលចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ គិតត្រឹមដើមខែមេសានេះ ក្រុមការពារសម្បុកនៅតាមសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន ៥៨សម្បុក មាន២.០៥៨ពង ហើយគិតត្រឹមសប្តាហ៍ទីមួយនៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន ៥៥៩កូនបានញាស់ចេញពីសម្បុកចំនួន ២៨សម្បុក ដោយជោគជ័យ។ កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុកយកទៅរក្សាទុកក្នុងបែឈើបណ្តែតទឹកជាបណ្តោះអាសន្នដើម្បីឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ ក្រុមការងារគ្រោងនឹងលែងកូនល្មិចទាំងអស់នេះចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។
គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុបក្រោមគម្រោង «ដៃគូប្រឆាំងនឹងបទល្មើសសត្វព្រៃ», Margaret A. Cargill Philanthropy, គម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID, និង Turtle Survival Alliance ៕
