គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញចុះធ្វើការត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ THE PARK WAY ក្នុងអគារទាំង៣ខាងលើ គ្មានមនុស្សស្នាក់នៅ គ្មានបទល្មើសស្កេម និងបទល្មើសផ្សេងៗឡើយ
ភ្នំពេញ៖គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរTHE PARK WAY នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចំនួន៣អគារគឺ«អគារA, អគារB និងអគារC»។
ពាក់ព័ន្ធការងារខាងលើនេះលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនារសៀលនេះថា៖នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្ដមឃ្លាំង ហួត ឯកឧត្តម ហ៊ុន សុរិទ្ធី ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ និង ឯកឧត្តម ពេញ ធារម្យ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ដោយបានការសម្របសម្រួលផ្នែកច្បាប់ពីលោក ទុង រតនា និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំស្នងការរងនគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំង ខុនដូរ THE PARK WAY (អគារA, អគារB និងអគារC) ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
អគារទាំង៣នោះមានអគារ A មានកម្ពស់ ៣៦ជាន់ ស្មើនឹង៤៥០បន្ទប់ អគារ B មានកម្ពស់ ២៦ជាន់ ស្មើនឹង៥០៤បន្ទប់ និងអគារ C មានកម្ពស់ ៣០ជាន់ស្មើនឹង៥៧៦បន្ទប់ សរុបទាំង៣អគារ មានចំនួន ១,៥៣០បន្ទប់ ។
លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា៖ក្រុមការងារបានត្រួតពិនិត្យឃើញថាអគារទាំង៣ខាងលើត្រូវបានទុកចោល គ្មានមនុស្សស្នាក់នៅ គ្មានបទល្មើសស្កេម និងបទល្មើសផ្សេងៗឡើយ៕
