សប្បុរសជនផ្តល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ អំណោយដែលមាន ដូចជាអង្ករ ទឹកសុទ្ធ មី អាកុល និងម៉ាស់រាប់ម៉ឺន ត្រូវបានក្រុមហ៊ុនឯកជនក្នុងស្រុកមួយប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ មេសានៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។
លោកកើត ឆែ អភិបាលរងរាជធានី បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញសូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ក្រុមហ៊ុន ដែលបានជួយមករដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ
អំណោយដែលប្រគល់ជូននេះរួមមាន អង្ករ៥០០បាវ (ក្នុង១បាវ២០គីឡូក្រាម) ទឹកសុទ្ធ ២០កេស មី ចំនួន ១០កេសធំ អាកុលចំណុះ១២០មីលីលីត្រចំនួន១០កេស
ម៉ាស់ ចំនួន១០កេស (២៥០០ម៉ាសក្នុង១កេស) ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
លោកបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ -១៩ ៕