ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព​រាជធានី​ សម្រេច​បិទ​ខ្ទប់​ រាជធានី​ភ្នំពេញ​ ទាំងស្រុង មិនឱ្យ​ចេញ ចូល​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​

64

 

​ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ទាំងស្រុង ដោយ​មិន​
​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេញ ចូល​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឡើយ ។ ការសម្រេច​បិទ​ខ្ទប់​ភូមិ សង្កាត់​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ​នេះ​យោងតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លេខ​៤៩​សសរ​ចុះ​ថ្ងៃទី​១៤​មេសា​ឆ្នាំ​២០២១​។​

បើ​មាន​បញ្ហា​អ្វីមួយ​ដូចជា​បញ្ហា​សុខភាព ត្រូវតែមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ទីផ្សារ​បន្លែ ត្រី​សាច់ ហូប ចុក មិនត្រូវ​បាន​បិទ​នោះទេ​។

នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​តាមរយៈ video conference នៅ​រាត្រី​ថ្ងៃទី​១៤​ខែមេសា ឆ្នាំ​២០២១​នេះ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មេប៉ូលីស​និង​មេ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

លោក​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះបាន​បញ្ជាក់ថា ការសម្រេច​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ គឺ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ទាំងស្រុង​តែម្តង ដូចដែល​យើង​បាន​បិទ​ខ្ទប់​ខណ្ឌ​៣​កន្លងមក​អញ្ចឹង​ដែរ ដោយ​មិនអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចេញ ចូល​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឡើយ​។ លោក​បន្តថា ៖​ចំពោះ​ទីផ្សារ​លក់​គ្រឿងឧបភោគ​បរិភោគ បន្លែ​ត្រី​សាច់ យើង​មិនបាន បិទ​ទេ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ចេញពីផ្ទះ​ទៅ​ផ្សារ​បាន​ក្នុង​១​សប្តាហ៍​ម្តង​ឬ​២​ដង ជាក់ស្តែង ទៅតាម​ការអនុញ្ញាតរ​បស់​អាជ្ញាធរ ។ ប្រជាពលរដ្ឋ​ក៏​អាច​ចេញទៅ​ទិញ​ថ្នាំពេទ្យ​ឬ​ទៅ​ទទួល​សេវា​ព្យាបាល​បាន បើ​មាន​ជម្ងឺ​ជាក់ស្តែង ។​

លោក​ឃួ​ង ស្រេង​បន្តថា ៖​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ទាំងស្រុង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ម៉ោង​០០​ឆ្លង​ចូល​ថ្ងៃទី​១៥ មេសា ស្អែក​នេះ ។​ចំពោះ​គោលដៅ​ដែល​ត្រូវដាក់​បិទ​ការធ្វើដំណើរ ចេញ ចូល រាជធានី មាន​ច្រើន​គោលដៅ ក្នុងនោះ​មាន ផ្លូវជាតិ​លេខ​១ នៅ​ព្រំប្រទល់​ខេត្តកណ្តាល ផ្លូវជាតិ​លេខ​២ នៅ​ព្រំប្រទល់​ខេត្តកណ្តាល ផ្លូវជាតិ​លេខ​៣ នៅ​ព្រំប្រទល់​ខេត្តកណ្តាល ផ្លូវជាតិ​លេខ​៤ នៅ​ព្រំប្រទល់​ស្រុក​អង្គស្នួល​ខេត្តកណ្តាល ផ្លូវជាតិ​លេខ​៥ នៅ​ព្រំប្រទល់​ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ផ្លូវជាតិ​លេខ​៦ នៅ​ព្រំប្រទល់​ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​មិនឱ្យ​គាត់​ពិបាក​រហូត​គ្មាន​អី​ហូបចុក​នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង