អភិបាលរាជធានីបញ្ជាឲ្យសមត្ថកិច្ច ចុះស្រាវជ្រាវជាបន្ទាន់និងចាត់វិធានការច្បាប់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញដែលឡើងថ្លៃហួសហេតុ គ្រាដែលរាជធានីភ្នំពេញបិទខ្ទប់ ការពារកូវីដ-១៩
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុគ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ–១៩។
លោក ឃួង ស្រេង បានលើកឡើងថា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ–១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ការចេញមកប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ សង្កេតឃើញថាអាជីវករមួយចំនួនបានឆ្លៀតឱកាសកេងចំណេញហួសហេតុ គ្រាដែលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងអាហារដើម្បីត្រៀមទុកនៅក្នុង ក្រោយមានការបែកធ្លាយសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែនដាក់ចេញវិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក ឃួង ស្រេង បានមានប្រសាសន៍ដូច្នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ម្ចាស់ហាង និងកន្លែងលក់ដូរមួយចំនួនបានឆ្លៀត ឱកាសកេងចំណេញឡើងថ្លៃហួសហេតុ នៅពេលដែលប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញស្បៀងអាហារ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរដែលដំឡើងថ្លៃ ហើយសមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់។
បើទោះបីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទខ្ទុប រយៈពេល១៤ថ្ងៃក៏ពិតមែន ប៉ុន្តែហាងទំនិញលក់ម្ហូបអាហារភេសជ្ជៈ របស់របរចាំបាច់ប្រើប្រាសប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទអោយសោះ នេះជាការសំរេចរបស់រាជរដ្ឋាភិបាល៕