ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ត្រៀមរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនពីរបន្ថែម នៅអគារដឺព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែន សុខ

53

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះថា អ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគាររៀបមង្គលការ ដែលស្ថិតនៅ ដឺព្រេមៀសេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បីចាត់ចែងសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩។
លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់ថា៖ អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ អាចដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ បានចំនួនពី១០០០-១៥០០គ្រែ សម្រាប់អគារវិមានពិភពថ្មី សែនសុខ អាចបានចំនួនជាង៨០០គ្រែ»។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា នៅព្រឹកមិញនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំក្រុមការងារយើង ដើម្បីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅអគារវិមានពិភពថ្មី សែនសុខ រួចរាល់ហើយ។ នៅពេលរសៀលនេះ នឹងបន្ដចុះពិនិត្យរៀបចំនៅអគារ ដឺព្រេមៀសេនធ័រសែនសុខ។
លើសពីនោះ លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ មណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល មានចំនួន ៧ទីតាំងហើយ គឺមាននៅ៖ វិទ្យាល័យជាស៊ីម សាមគ្គី ដាក់ព្យាបាលអ្នកជំងឺ ចំនួន ២៦០គ្រែ , អគារម៉ូឌែន ដាក់អ្នកជំងឺជាង ២៣០គ្រែ, អគារនៅពោធិ៍ចិនតុង ១៦០គ្រែ, អគារការកោះពេជ្រ ដែលជាអំណោយរបស់ អ្នកឧកញ៉ា ពុង ឃាវ សែ ចំនួន ៨០០គ្រែ, វិទ្យាល័យជម្ពូវ័ន្ដ ជិត៧០គ្រែ, អគារវិមានពិភពថ្មី សែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ ចំនួនជាង៨០០គ្រែ និងនៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ ចំនួន ពី ១០០០-១៥០០គ្រែ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង