ផ្លែស្វាយស្រស់ចំនួន ២ ទូរ កុងធឺន័រ ដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ នៅកំពង់ផែឈីងចូវ ខេត្តហ្គ័ងសុី
ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងថា ការនាំស្វាយស្រស់របស់កម្ពុជា ចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅកំពង់ផែឈីងចូវ ខេត្តហ្គ័ងសុី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយ ស្ថានអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធ ជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ ចេញពីកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដោយត្រូវប្រើប្រាស់ រយៈពេលនៃការដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ។
ទន្ទឹមនឹងនេះ ក្រសួងក៏បានទទួលដំណឹងថា នឹងមានការសម្ពោធ ជាផ្លូវការទទួលផ្លែស្វាយស្រស់របស់កម្ពុជា នៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៥ ខែឧសភា ខាងមុននេះ ក្រោមអធិបតីភាព ពីមន្រ្តីតំណាងក្រសួង កសិកម្ម និងកិច្ចការជនបទ និង ក្រសួងពាណិជ្ជកម្មចិន រួមនឹង អគ្គរដ្ឋបាលគយចិន ជាមួយនិង តំណាងស្ថានអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងប៉េកាំង ផងដែរ។
ក្នុងនោះមានផ្លែស្វាយស្រស់ចំនួន ២ ទូរ កុងធឺន័រ ដែលជារបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក និងក្រុមហ៊ុន Long Wo Agricalture (Cambodia) Co.,Ltd ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណ ភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ លើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជា ផ្លូវការឲ្យផលិតផលនេះនាំចេញទៅកាន់ទីផ្សារចិន ជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជាទទួចចង់បាន។ សមិទ្ធផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាន គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បាន ពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាងពីគ្រប់ភាពគីពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលគាំទ្រ ជំរុញ លើកទឹកចិត្ត និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យក្រសួងឈានទៅចុះពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់សាធារណរដ្ឋប្រទេសចិន” កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រវាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជាមួយឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជា មានិតចិន។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា ការចាប់ផ្តើមជាផ្លូវការនៃផលិតផលផ្លែស្វាយស្រស់របស់កម្ពុជា នឹងត្រូវបានហូរចេញជាបណ្តើរ ដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេក ដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួល បានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើក កម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្ម ក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល។ល។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចូលរួម និងសហការឲ្យបានពេញលេញ គ្រប់ខ្សែសង្វាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែល កំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មហើយសង្ឃឹមថា កសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួន នៅលើទីផ្សារអន្តរជាតិកាន់ តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុន ម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋាន កសិកម្មអនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យ របស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញ ផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព៕