រដ្ឋបាលរាជធានីគ្រោងសាងសង់ ប្រឡាយបឹងសាឡាង ជាបេតុងពង្រីកទទឹងទំហំ ២២ម៉ែត្រ ជម្រៅ ៤ម៉ែត្រដើម្បីរំដោះជំនន់ទឹកភ្លៀង
ភ្នំពេញ៖ដោយអនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំផ្ទាល់ដោយ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងក្រុមការងារជំនាញសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនចាងវ៉ាង អុីនវេសមិន រៀលអេស្ទេត ចុះកំណត់បោះបង្គោលទីតាំងព្រំមាត់ប្រឡាយគម្រោងកែលម្អប្រឡាយបឹងសាឡាងដេីម្បីបេីកការដ្ឋានអនុវត្តគម្រោងតាមកិច្ចសន្យារវាងក្រុមហ៊ុនចាងវ៉ាងអុីនវេសមិន រៀលអេស្ទេត ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។
ប្រឡាយបឹងសាឡាងនេះមានទីតាំងនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
តាមការចុះពិនិត្យជាក់ស្តែងប្រឡាយប្រវែង៧១០ម៉ែត្រ ពីផ្លូវ៣៣៦ដល់ស្ពានស្ទឹងមានជ័យ ដែលក្រុមហ៊ុនខាងលើត្រូវអនុវត្តគម្រោង។
ដោយបច្ចុប្បន្នស្ថានភាពប្រឡាយមានទំហំចន្លោះពី ១១,៥០ម៉ែត្រ ទៅ ១៤,៥០ម៉ែត្រ និងមានរាងបត់បែនច្រេីន តាមរបាយការណ៍បច្ចេកទេសរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានសិក្សាអោយក្រុមហ៊ុនធ្វេីការសាងសង់ប្រឡាយបេតុងទទឹងសរុបទំហំ ២២ម៉ែត្រ ជម្រៅ ៤ម៉ែត្រដើម្បីបើកលម្ហរផ្លូវទឹកឱ្យធំងាយស្រួលក្នុងរំដោះទឹកលូនិងជាពិសេសជំនន់ទឹកភ្លៀងនារដូវវស្សាផ្នែកខាងលើឱ្យហូរឱ្យបានលឿន ៕