បងប្អូនអាជីករលក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគរព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធររាជធានីដោយព្រមទាំងសាទរ ចំពោះការរៀបចំជួសជុល ផ្លូវដាក់ លូ និងរៀបខឿនចិញ្ចើមផ្លូវ
ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដមសុខ ពេញវុធ និងឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួល ផ្ទាល់ ជាមួយ អាជីវករ លក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគ ។ ទទួលបានស្រុះស្រួល និងសះជាគ្នា ដើម្បីគម្រោងស្ថាបនាប្រពន្ធ័លូ ផ្លូវ នៅជុំវិញផ្សារដើមគរ ។
ក្រោយការជជែកគ្នាលម្អិតរួចមក គ្រប់ភាគីបានយល់ពីគ្នាអស់ហេីយ ហើយអាជីករក៏បាន ព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរព្រមទាំងសាទរ ចំពោះការរៀបចំជួសជុល ផ្លូវដាក់ លូ និងរៀបខឿនចិញ្ចើមផ្លូវផងដែរដែរ ។
ឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរអរគុណដល់បងប្អូនអាជីវករទាំងអស់ ដែលបានឯកភាពអោយគម្រោងដ៏មានសារះសំខាន់មួយនេះដំណើរការតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបរិស្ថាន អនាម័យ សោភ័ណ្ឌភាព តាមដងផ្លូវ និងបរិវេណផ្សារដើមគរផងដែរ។
តាមការបញ្ជាក់ពីលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ផែនការដែលបានគ្រោងទុករដ្ឋបាល រាជធានីភ្នំពេញ នឹងចាប់ផ្តេីមការដ្ឋាន ដែលមាន ៖
១.ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សម នៅផ្លូវលេខ ២៣៥ (ចាប់ពីផ្លូវ ៣៣៦ ដល់ផ្លូវ ២១៧) ប្រវែង ១៧៦ម ទទឹង ១២ម និងដាក់លូទំហំ ០.៨ម ផ្នែកខាងកើត ប្រវែង ៨៣ម។
២.ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សម នៅផ្លូវលេខ ៣៤៦ (ចាប់ពីផ្លូវ ២៤៥ ដល់ផ្លូវ ២៣៥) ប្រវែង ១៥០ម ទទឹង ១២ម៉ែត្រនិងដាក់លូទំហំ ០.៨ម ផ្នែកខាងជើង ប្រវែង ១៦០ម៉ែត្រ។
៣.រៀបខឿនចិញ្ចើមផ្លូវទាំងពីរខ្សែ ប្រវែង ៦៥២ម៉ែត្រ ៕
