ក្រោយពីបានក្លាយជា សមាជិកពេញសិទ្ធិ របស់អាស៊ាន អស់រយៈពេលជាង ២០ ឆ្នាំមកនេះ, កម្ពុជាបានបំពេញ តួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ ដែលមានសន្តិភាព, វិបុលភាព
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន អស់រយៈពេលជាង ២០ ឆ្នាំមកនេះ, កម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ដែលមានសន្តិភាព, វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងផ្លាស់ប្តូរអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ ដែលមានសារៈសំខាន់ជាសកល ។ ក្នុងនាមជាប្រធានអាស៊ាន នាឆ្នាំ ២០២០ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ានឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច អាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាម មូលបទ «អាស៊ានរួមគា្នធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា) ASEAN A.C.T.: Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងបរិបទបច្ចុប្បន្ននេះ ក្រៅពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការរៀបចំ យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ, ពិភពលោក ក៏បាននិងកំពុងប្រឈមនឹងបញ្ហា រួមជាច្រើន ដូចជា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួល អាកាសធាតុ ជាដើម ។ ក្នុងកម្រិតតំបន់, ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងនេះ ប្រកបដោយ ។ វិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាន, កម្ពុជាយល់ថា អាស៊ានត្រូវប្រកាន់ខ្ជាប់នូវ ទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន (“We Care, We Prepare, We Prosper”) ។
ជាជំហានទៅមុខ កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ាន ទាំងមូលទៅជាតំបន់មួយដែលមានភាពធន់, ភាពប្រកួតប្រជែង និងបរិយាប័ន្ន ។ ក្នុងបរិបទនេះ, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការរីកចម្រើនខាងផ្នែក សេដ្ឋកិច្ច ជាមួយនឹងគម្លាតអភិវឌ្ឍន៍តិចតួច និងការតភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិក និង ជាមួយពិភពលោក តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង ៣ គឺ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន ។
ផ្តើមចេញពីនេះ, សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា សូមផ្ដល់ជូនអនុសាសន៍មួយចំនួន ដែលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ អាចយកទៅពិចារណា ដូចខាងក្រោម៖
ទី១៖ជំងឺកូវីដ-១៩ នឹងបន្តបង្អាក់ប្រតិបត្តិការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក្នុងរយៈពេល វែងខាងមុខ ។ ដូចនេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធន់សង្គម-សេដ្ឋកិច្ច ។ ក្នុងន័យនេះ, ការជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្តាប្រទេសជា សមាជិកអាស៊ាន ប្រកបដោយភាពរលូន និងរហ័សទាន់ចិត្ត នឹងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់ ប្រកបដោយភាពរឹងមាំ និងនិរន្តភាព ។
ទី២៖ អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀត ក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូន ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ រួមទាំងសកម្មភាពអាទិភាពនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់ផែនការនេះ ដែលជា ឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ។
ទី៣៖ អាស៊ានត្រូវខិតខំពន្លឿនការចុះហត្ថលេខា និងដាក់ឱ្យអនុវត្តឱ្យបានឆាប់រហ័សនូវកិច្ចព្រម ព្រៀងទូលំទូលាយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប (AECATA) កិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-នូវែលសេឡង់ (ANZ-ASA) និងកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-កូរ៉េ (AK-ASA) ជាដើម ។ កិច្ចព្រមព្រៀងទាំងនេះ ជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងជាស្ពានតភ្ជាប់អាស៊ានទៅពិភពលោក ។
ទី៤៖ អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ, ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំង ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ។ សម្តេចតេជោ សូមបញ្ជាក់ជូន អង្គពិធីផងដែរថា ក្រោយពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ – ខ្ញុំសង្ឃឹមថា កម្ពុជា នឹងអាចទទួលបាន និងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល ។
ទី៥៖ វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដ ប្រមាណ ២០ ភាគរយ ដែលជាប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ ។ ក្នុងន័យនេះ, សម្តេចសូមស្នើឱ្យអាស៊ាន បន្តអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើ ប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល, ការកកស្ទះចរាចរ, ឧស្ម័ន, ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត ។ ការជំរុញអនុវត្តការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ពិភពលោក យើងទាំងមូល ។
ទី៦៖ អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈម ដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសតាមរយៈការជំរុញការអនុវត្តនូវលិខិតុបករណ៍ គតិយុត្ត ដូចជា ៖ (១), សេចក្តីណែនាំស្តីពីការកែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើស្តង់ដាររបាយការណ៍របស់អង្គការសហប្រជាជាតិ, (២). សេចក្តីប្រកាសព្រុយណេដារ៉ូស្សាឡាម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ ២០៣០ ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងតិច ៥០% ពីឆ្នាំ ២០២១ ទៅឆ្នាំ ២០៣០ ។
សម្តេចហ៊ុនសែនសូមឆ្លៀតក្នុងឱកាសនេះ ចែករំលែកនូវយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការប្រយុទ្ធ និងឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយភាពស្វាហាប់ និងបុរេសកម្ម រហូតឈានដល់ការប្រកាសជាផ្លូវការ នូវការបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ។ ជារួម កម្ពុជាបាន កំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ និងបានបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង ជូនដល់ប្រជាជនកម្ពុជា អាយុចាប់ពី ៥ ឆ្នាំឡើង ។ គិតត្រឹមថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កម្ពុជា សម្រេចបានអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងច្រើនជាង៨៧%នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ ៕