ផ្តើមចេញពីការឈ្លោះប្រកែកគ្នា ប្តីកាប់ប្រពន្ធ ជាច្រើនកាំបិតស្លាប់ នៅស្រុកសំបូរ ខេត្តក្រចេះ
ក្រចេះ៖ ស្រ្តីជារងគ្រោះជាប្រពន្ធត្រូវបានប្ដីរបស់ខ្លួន យកកាំបិតផ្គាក់កាប់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ដោយផ្តើមចេញពីការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ។ ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២១ នៅភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
នគរបាលស្រុកសំបូរបានឲ្យដឹងថា ករណីហិង្សានេះ បណ្ដាលមកពីឈ្មោះ ជេម សុធា ត្រូវជាប្ដីជនរងគ្រោះអាយុ២៦ឆ្នាំ បានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ បាន រដ្ឋាណា អាយុ២៦ឆ្នាំ។
នគរបាលបន្តទៀតថា ជនសង្ស័យជាប្តី បានឈ្លោះប្រកែកជាមួយជនរងគ្រោះជាប្រពន្ធ ពេលនោះជនសង្ស័យក៏បានយកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធចំនួន៨កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយពីជនសង្ស័យបានធ្វើ សកម្មភាពកាប់ទៅលើប្រពន្ធរួចមក ជននេះបានយកកាំបិតកាប់ទៅលើខ្លួនឯងត្រូវចំភ្លៅទាំងសងខាង និងត្រូវពោះ២កន្លែង ហើយព្យាយាមបំរុងចងករសម្លាប់ខ្លួនទៀត ស្រាប់តែពេលនោះកម្លាំងប្រជាការពារភូមិ បានជួយអន្តរាគមន៍ចូលទៅឃាត់ទាន់។
នគរបញ្ជាក់ទៀតថា ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិ បញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ជាអកុសលពេលបញ្ចូនដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់ និងបានតេស្តរកឃើញវិជ្ជមានកូវីដ១៩ទៀតផង។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នឹងយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕