ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណើនគ្រឹះស្ថានធនាគារ ជាចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ បរិយាប័ន្នហរិញ្ញវត្ថុនៅកម្ពុជា

101

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការធនាគារវីង សាខាសែនសុខ និងវិមានឯករាជ្យ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កំណើនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បរិយាប័ន្នហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមឲ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម។

ព្រមពេលជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុននឹងខិតខំសម្រេចបានក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ មួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក។

លោកបន្ដទៀតថា ការពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឲ្យដំណើរការសាខាចំនួនពីរ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារ នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមទាំងក្នុងកម្រិតសាកល, តំបន់ និងជាតិនីមួយៗ។

ជាមួយគ្នានេះ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការពង្រីកបណ្តាញប្រតិបត្តិការរបស់ធនាគារវីង (ខេមបូឌា) ម.ក តាមរយៈការបើកដំណើរការសាខាសែនសុខ និងសាខាវិមានឯករាជ្យនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីការរីកចម្រើនរបស់វិស័យធនាគារនៅកម្ពុជា ព្រមទាំងជំនឿទុកចិត្តរបស់វិនិយោគិនទាំងបរទេស និងក្នុងស្រុកចំពោះវិស័យនេះ បើទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូដ-១៩ ក៏ដោយ។

លោកបានអះអាងទៀតថា ទន្ទឹមនេះនិន្នាការធនាគារវីង (ខេមបូឌា) ម.ក ក៏បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ជូនប្រជាពលរដ្ឋកម្ពុជា។

សូមជម្រាបថា ធនាគារវីង នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលផ្តល់ដោយដៃគូលំដាប់ពិភពលោក ដើម្បីកាត់បន្ថយការ ចំណាយលើប្រតិបត្តិការធនាគារ និងកាត់បន្ថយពេលវេលាសម្រាប់ដំណើរការផ្តល់ឥណទាន។

ធនាគារវីង នឹងមាន ផលិតផលសន្សំប្រកបដោយភាពច្នៃប្រឌិត និងមានភាពទាក់ទាញដែលមិនត្រឹមតែផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូប នូវសមត្ថភាពក្នុងការរៀបចំផែនការសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេឲ្យបង្កើតនូវទំនុកចិត្តឥណទានតាមរយៈប្រតិបត្តិការដែលពួកគេធ្វើដោយប្រើប្រាស់ប្រព័ន្ធអេកូរបស់ធនាគារវីង។ ពួក
គេប្រើប្រាស់សេវាធនាគារវីងកាន់តែច្រើន ពួកគេកាន់តែអាចទទួលបានពិន្ទុឥណទានដើម្បីមានសិទ្ធិទទួលបានកម្ចីរហ័សពីធនាគារវីង។ ធនាគារវីង ប្រើប្រាស់បច្ចេកវិទ្យា AI និង Machine Learning ទំនើបៗសម្រាប់ការអនុម័តឥណទានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ការអនុម័តឥណទាននៅលើកម្មវិធីវឹងចឹងអេប ចំណាយពេលតិចជាង៥នាទី។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា «យើងបានដាក់អាទិភាពខ្ពស់លើការដោះស្រាយបញ្ហា ប្រឈមរបស់សហគមន៍ និងបានរៀបចំផលិតផលជាច្រើនដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការទទួលសេវាហិរញ្ញវត្ថុដែលចាំបាច់ ទោះបីជាពួកគេរស់នៅក្នុងភូមិដាច់ស្រយាលក៏ដោយ។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលមានទស្សនវិស័យសកល យើងត្រៀមខ្លួនជាស្រេច ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការកែលម្អលក្ខខណ្ឌសុខុមាលភាពសង្គមរបស់សហគមន៍ក្នុងពេលជំងឺរាតត្បាតបានបញ្ចប់»

អត្ថបទដែលជាប់ទាក់ទង