អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមតុបតែងលម្អ នៅតាមដងផ្លូវមួយចំនួន និងដងស្ទឹងសៀមរាប ដើម្បីត្រៀមអបអរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខនេះហើយ
ភ្នំពេញ៖ អាជ្ញាធរខេត្ដសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្ដសៀមរាប បាននិងកំពុង សហការជាមួយសសយក ខេត្ដ ចាប់ផ្ដើមរៀបចំតុបតែង ធ្វើពីធីសង្ក្រាន្ដសៀម រាប ដោយមានការរៀបចំតុបតែងភ្លើង ពណ៌ផ្កាភ្ញីតាមដងស្ទឹងសៀមរាប និងតាមដងផ្លូវមួយចំនួន ក្នុងក្រុង ដើម្បីបង្កើតកន្លែងកំសាន្តសប្បាយៗក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះហើយ ។
លោក ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣១ មីនា នេះ ថា៖ ពិធីសង្ក្រាន្តសៀមរាប ក្នុងថ្ងៃបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ មានរៀបចំជាសង្ក្រាន្ដសៀមរាប មានពីកន្លែង ទី១ ធ្វើឡើងនៅក្នុងក្រុងសៀមរាប និងទី២ នៅតំបន់ប្រាសាទបុរាណ គឺប្រាសាទចៅសាយទេវតា ឯកឧត្តម ក្នុងឱកាសចុះពិនិត្យផ្លូវ ក្នុងក្រុងសៀមរាប។ កម្មវិធីនៅកណ្ដាលក្រុងសៀមរាប គឺមានរៀបចំកម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្ប: នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែងផងដែរ។
ដោយឡែកកម្មវិធីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មានុន្ន ស្ថិតនៅតាមបណ្ដោយវង្សធំនៃក្រុងអង្គរធំ ដែលមានកម្មវិធីកំសាន្ដបែបបុរាណ រួមមាន ពិធីបួងសួងសុំ សេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពួនភ្នំខ្សាច់ និងរួមមានការរៀបចំ ជាភូមិខ្ញុំ មានលេងល្បែងប្រជាប្រីយ៍ និងការសម្តែងល្ខោនបាសាក់ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។ ពិធីភូមិសង្ក្រាន្ត នៅ ក្នុងតំបន់ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ននេះ តម្រូវឱ្យអ្នកចូលរួមកំសាន្ដ ស្លៀក សំលៀកបំពាក់ប្រពៃណីខ្មែរ ដូចជាហូល ផាមួង អាវប៉ាក់ ខោចែវ ជាដើម ដើម្បីនាំគ្នាលើកតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ។ ការស្លៀកពាក់បុរាណនេះ កូនខ្មែរ នឹងនឹកឃើញដល់ប្រវត្ដិសាស្ដ្រវប្បធម៌ខ្មែរនាសម័យអង្គរ។
តាមការកត់សំគាល់ នៅខេត្ដសៀមរាប ក្រុមប្រតិបត្ដិករទេសចរបានចាប់ផ្ដើមបើកដំណើរការនូវសេវាសណ្ឋាគារ ផ្ទះសំណាក់ជាបណ្ដើរៗហើយ សម្រាប់ទទួលផ្ញៀវទេសចរឆ្នាំថ្មីនេះ ។
លោក ទៀ សីហា បានបញ្ជាក់ថា ពិធីចូលឆ្នាំថ្មីនាឆ្នាំនេះ ស្របពេលដែលខេត្ដសៀមរាប មានផ្លូវថ្នល់យ៉ាងស្រស់ស្អាត មានទាំងផ្លូវថ្មើរជើង ផ្លូងកង់ ផ្លូវជនពិការផងដែរ ដែលងាយស្រួលក្នុងធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬអ្នកទេសចរ។ជាមួយគ្នានោះ ពិធីបុណ្យចូលថ្មីឆ្នាំ២០២២នេះ ស្របពេលដែលស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីដ-១៩ មានសភាពស្ងប់ស្កាត់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកប្រទេសឡើងវិញ ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារនៅមូលដ្ឋាន៕ . សំរិត